ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 10 views

p1

តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ធំៗ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​ពេញបន្ទុក​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប និង​លោក ម៉ុង ប៊ុន​លីម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។ ក្នុងនោះ​ឈ្មួញ​ឈ្មោះ ធឹ​ម លាង​ស្រេង ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​គេ​ដឹងថា អាង​មាន​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ជា​បង្អែក​យ៉ាងរឹងមាំ​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ស្ទើរ​រាល់​យប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង អាច​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ទេនោះ​គឺ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មិន​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​ពួកគាត់​តែង​ឃើញ​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែច្នៃ​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​ស្វាយ​លើ ជាប់​ព្រំប្រទល់​រវាង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​។ នៅពេល​ប្រមូល​ទិញ​ស្តុក​ទុក​បាន​ច្រើន​ទើប​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប យ៉ាង​រលូន​ហើយ​ឈ្មោះ នៅ ចាន់​គាន និង​ឈ្មោះ ចេង ត្រូវជា​បងថ្លៃ​របស់​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង គឺជា​អ្នកប្រមូល​ទិញ​ឈើ​ក្នុង​ខេត្តព្រះវិហារ​។ ចំណែក​នៅក្នុង​ក្រុង​សៀមរាប មេ​ឈ្មួញ ធឹ​ម លាង​ស្រេង មាន​មេការ​ម្នាក់​ឈ្មោះ ពៅ គឺជា​អ្នកមើលការខុសត្រូវ​ទៅលើ​សកម្មភាព​លក់​ចែកចាយ​ឈើ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​យ៉ាង​រលូន​។​

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង គឺជា​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ពី​ខេត្តព្រះវិហារ យកមក​លក់​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ច្រើន​ឆ្នាំ​មកហើយ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​ឆែប ខេត្តព្រះវិហារ គឺ​ឈើ​ដែល​ប្រជាពលរដ្ឋ​និង​ក្រុម​ជនល្មើស​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បានចាត់ទុក​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណែក​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ចាំ​ទទួលផល​ប្រយោជន៍​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​មេ​ឈ្មួញ ធឹ​ម លាង​ស្រេង យ៉ាង​សុខ​ស្រួល​៕

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ