លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បី​ខាង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 3 views

p1

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ជាំ ស្រុក​អន្លង់វែង តាម​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពឹ​ល និង​ច្រក​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ គឺ​ឈ្មួញ​ធំៗ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ មន្ត្រី​គយ​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដោយ​មន្ត្រី​គយ​ធំៗ​ទាំងនោះ​ចាត់ទុក​លោក យូ ហេង ជា​ប្រភព​ចំណូល​របស់​ពួកគេ​។

កន្លងមក​ករណី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ត្រឹម​បាន​បើក​កកាយ​ជា​បន្តបន្ទាប់ ហើយ​ឈ្មួញ​មួយចំនួន​ធ្លាប់​ប្រឈម​នឹង​ការបង្ក្រាប​ទៀតផង​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​លោក យូ ហេង កាន់តែ​បានដៃ​ក្នុងការ​ឃុបឃិត​ឲ្យ​មេ​គយ​នៅ​ច្រក​អូរ​ស្មាច់ ច្រក​ជាំ និង​ច្រក​ជប់​គគីរ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងការ​សម្រួល​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ផ្ទុយទៅវិញ​លោក យូ ហេង និង​បក្ខពួក​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ គឺ​ដោយសារ​អាង​មាន​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រសិនបើ​គ្មាន​ការសម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទេនោះ​គឺ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក យូ ហេង មេ​គយ​ខេត្តឧត្ដរមានជ័យ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​រាលដាល​តទៅទៀត​ឡើយ​៕

លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ


សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ