ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ចៀស​មិន​ផុតពី​វិនាស​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ សឹង សំអុល

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​មួយខែ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ងារ​ជា​ឧកញ៉ា ហើយ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ផង​នោះ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​រាប់សិប​រថយន្ត​យី​ឌុប​និង​រថយន្ត​ប្រភេទ​វ៉េ​អង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវ​មេ​ឈ្មួញ សឹង សំអុល កាប់​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​អ​ន្ទ្រ​ង តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​កោះ​ញែក​។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី លោក សុង ឃាង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភ​គ៌ ព្រមទាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​បង្ហើប​ឲ្យ​ដឹងថា បើទោះបី​នៅក្នុង​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ និង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ក៏ដោយ ក៏​មេ​ឈ្មួញ សឹង សំអុល នៅតែមាន​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រមាណ​មួយខែ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ​រាប់សិប​គ្រឿង​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​រំខាន​ឡើយ​។ ជា​ញឹកញាប់​មេ​ឈ្មួញ សឹង សំអុល តែង​មានខ្នងបង្អែកយ៉ាងរឹងមាំ​​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។​

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា ទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​ប​ញ្ចី​ខ្មៅ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​បំផ្លាញ​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​ឧកញ៉ា សឹង សំអុល នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល កំពុង​ធ្វ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​បង្ក្រាប​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ខ្នងបង្អែក​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះទេ​។ មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម ក៏ដូចជា​មន្ត្រី​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​លើកឡើងថា ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មេ​ឈ្មួញ សឹង សំអុល អាច​បន្តសកម្មភាព​កាប់​ឈើ​ពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស ប្រៃ​សហគមន៍​ក្នុងស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ ចំណែក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សម្ងំ​ស្ងាត់ឈឹង​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល កាប់​ឈើ​ក្នុងស្រុក​កោះ​ញែក ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​៕


សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ