ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន លោក នឹម ផល្លី បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 11 views

p1

ថ្មីៗ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន ព្រមទាំង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ ដឹកជញ្ជូន​ទំនិញ​មក​ស្តុក​ទុក​តាម​ឃ្លាំង​ក្នុង​ទឹកដី​ខណ្ឌចំការមន យ៉ាង​កំរោល​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​លោក នឹម ផល្លី តែង​ប្រើប្រាស់​ឈ្មោះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ និង​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មកប្រើប្រាស់​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ ក្រុមអាជីវករ និង​បិទបាំង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​រាជធានី​ភ្នំពេញ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​អត់ធ្មត់​តទៅទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​ក៏មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន និង​បក្ខពួក​បរិវារ​ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក នឹម ផល្លី បង្កើន​សកម្មភាព​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ជាមិនខាន ព្រោះ​លោក នឹម ផល្លី អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។

​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ក្នុង​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក នឹម ផល្លី បាន​ចាត់តាំង​មន្ត្រី​គយ​ស្និទ្ធ​នឹង​ខ្លួន​៥​ទៅ​៦​នាក់​ឲ្យ​ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចូល​ទឹកដី​ខណ្ឌចំការមន ក៏ដូចជា​ដើរ​គាប​យកលុយ​ពី​ម្ចាស់​ឃ្លាំង​ឬ​ទីតាំង​ស្តុក​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​។ បើទោះបី​ឈ្មួញ​និង​អាជីវករ​បង់ពន្ធ​ទំនិញ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​មន្ត្រី​គយ​បក្ខ​ពួកលោក នឹម ផល្លី ក្នុង​មួយគ្រឿង​ពី​១៥០​ទៅ​២៥០​ដុល្លារ​នោះទេ​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់លោក នឹម ផល្លី កំពុង​ធ្វើ​ឲ្យ​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​តាម​ច្រកព្រំដែន​ចូលមក​ស្តុក​ទុក​ក្នុង​ទឹកដី​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​ពួកគេ​ចំណាយលុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក នឹម ផល្លី មេ​គយ​ខណ្ឌចំការមន ព្រមទាំង​បក្ខពួក​មិនអាច​តវ៉ា​បានឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក នឹម ផល្លី មេ​គយ​ខណ្ឌចំការមន ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​៕

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន


​ ​

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ