ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី លោក កែវ ចិន្ដា ហៅ​ធូ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

ប្រភពពី​មន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ ចិន្ដា ហៅ​ធូ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទេនោះ គឺ​មិន​ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ ជាងនេះទៅទៀត​កន្លងមក​លោក​ផ្កាយ​១ កែវ ចិន្ដា ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ជាច្រើន​នាក់​ក្នុងការ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។ ជាពិសេស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក កែវ ចិន្ដា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ លោក កែវ ចិន្ដា បាន​ដឹកជញ្ជូន​ឈើ​២​គោយន្ត​កែច្នៃ​ពី​ចំណុច​ឡង់​ណេះ យកទៅ​ផ្ទេរ​ដាក់​រថយន្ត​សាំ​យ៉ុង​៣​គ្រឿង​នៅ​ពូ​ត្រុំ ភូមិ​ថ្មី ហើយ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក កែវ ចិន្ដា ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ស្ទើរ​រាល់​យប់ ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ពូ​ត្រុំ ភូមិ​ថ្មី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក កែវ ចិន្ដា ប​ង្កើ​ប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡោ សុខា ទេនោះ​គឺ​លោក កែវ ចិន្ដា មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា ការដែល​លោក កែវ ចិន្ដា ហ៊ាន​ប្រើប្រាស់​តួនាទី​ជា​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ជា​បង្អែក​រឹងមាំ ហើយក៏​មានការ​យោគយល់​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ទៀតផង​ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កែវ ចិន្ដា ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕


សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ