បទល្មើស​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​រាលដាល​នៅ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 13 views

p1

​ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​កាណូត​ម៉ាស៊ីន​៦ អូស​អួន​ហ៊ុម បណ្ដោយ​វែងៗ​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​មូលដ្ឋាន​ពួកគាត់ ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នាយផ្នែក​រដ្ឋបាល​ជល​ផល​កណ្ដៀង លោក ស្វាយ សំអាត គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុម​ជនល្មើស​ដែលជា​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប យ៉ាង​មហន្តរាយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ព្រមទាំង​លោក ភុំ វិមល មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ​-​ឃុំ ក្នុងស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​សមត្ថកិច្ច​ចម្រុះ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប នៃ​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង គឺ​មន្ត្រីរដ្ឋបាល​ជលផល តែង​ទូរស័ព្ទ​ប្រាប់​ក្រុម​ជនល្មើស​ឲ្យ​ពន្លិច​ឧបករណ៍​ខុសច្បាប់​ចូលក្នុង​ទឹក​ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​។ ដូច្នេះហើយ​ទើប​កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ សមត្ថកិច្ច​នគរបាល និង​មន្ត្រី​មន្ទីរ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ បង្ក្រាប​បានតែ​បទល្មើស​តូចតាច ហើយ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​កាណូត ម៉ាស៊ីន​៤ និង​កា​ណូ​ម៉ាស៊ីន​៦ អូស​អួន​ហ៊ុម​ចាប់​ត្រី​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រជា​នេសាទ​ក្នុងស្រុក​កណ្ដៀង បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កណ្ដៀង ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​ដដែល​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ គឺ​ដោយសារ​ពួកគេ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ កន្លងមក​ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​បាន​ឲ្យ​ដឹងថា សម្រាប់​អួន​ហ៊ុម​មួយ​វង់​ដែល​ប្រើ​កាណូត​ម៉ាស៊ីន​៦​សម្រាប់​អូស គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ពី​៥០​លាន​ទៅ​៦០​លាន​រៀល ឬ​រាប់ម៉ឺន​ដុល្លារ​ទើប​អាច​គេច​ផុតពី​ការបង្ក្រាប​។ ដូច្នេះហើយ​ទើប​ជនជាតិ​យួន​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប នៃ​ស្រុក​កណ្ដៀង យ៉ាង​មហន្តរាយ​ហើយ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ រីឯ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ខ្វល់​ពី​ការព្រមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជុំវិញ​បញ្ហា​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​នោះទេ ព្រោះ​លោក ម៉ៅ ធនិន អាង​មាន​ខ្នងបង្អែក​រឹងមាំ​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិន​ហ៊ាន​ប៉ះពាល់​ឡើយ​៕

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់


សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ