មេ​ឈ្មួញ តាំង អៀង មាន​ខ្នងបង្អែក​រឹងមាំ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ យ៉ាង​រាលដាល​

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 11 views

p1

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ តាំង អៀង នៅតែ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ យ៉ាង​រាលដាល​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ តាំង អៀង បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ហួស​សុពល​ភាពជា​យូរ​មកហើយ​នោះ​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ចេញពី​ស្រុក​ភ្នំក្រវាញ តាមផ្លូវ​ជាតិ​លេខ​៥៥ យ៉ាង​គគ្រឹកគគ្រេង​។ កន្លងមក​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ ធ្លាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​មួយចំនួន​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ប៉ុន្តែ​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ តាំង អៀង មិនដែល​ឃើញ​សមត្ថកិច្ច​អាវុធហត្ថ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ តាំង អៀង អាច​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ផងដែរ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ជា​បន្តបន្ទាប់​ចៀស​មិន​ផុត​ឡើយ​។ ផ្ទុយទៅវិញ​មេ​ឈ្មួញ តាំង អៀង កំពុង​សប្បាយ​ប្រមូល​លុយ​ពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​កំពុង​ចាត់ទុក​មេ​ឈ្មួញ តាំង អៀង ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​។

ឈ្មួញ​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ជាច្រើន​ស្ថាប័ន​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ តាំង អៀង នោះទេ​បើទោះបី​ឈ្មួញ​ម្នាក់នេះ​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ដែល​ហួស​សុពលភាព​ដើម្បី​ដឹកជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ក៏ដោយ​។ សូម្បីតែ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ តាំង អៀង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ក្នុងខណៈដែល​មេ​ឈ្មួញ តាំង អៀង ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង បាន​លើកឡើងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ទាំង​២​នេះ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល នោះទេ​៕

មេ​ឈ្មួញ តាំង អៀង


សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ