ស្នងការ​នគរបាល​ខេត្តក្រចេះ លោក លន់ សុផាត មានអំណាច​ធំធេង​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​យក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ទាំងនោះ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្លាច​ឥទ្ធិពល​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ហើយ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។ សូម្បីតែ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧកញ៉ា និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន ក៏​ត្រូវគេ​ដឹងថា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក លន់ សុផាត ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​លោក លន់ សុផាត មិនដែល​ចាត់វិធានការ​បង្ក្រាប​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ គឺមាន​ការជួយ​សម្រប​សម្រួល​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក លន់ សុផាត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក លន់ សុផាត បណ្ដោយ​ឲ្យ​មេ​នគរបាល​វរ​ការពារ​ព្រំដែន​មួយចំនួន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​មន្ត្រីនគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​មួយចំនួន​ដែលមាន​លោក លន់ សុផាត ជា​ខ្នងបង្អែក​គឺ​ពួកគេ​ហ៊ាន​បើក​ច្រករបៀង​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ចូលមក​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​មាន​សេចក្ដីរាយការណ៍​ថា ជា​បន្តបន្ទាប់​ថា​លោក លន់ សុផាត មេ​នគរបាល​ខេត្តក្រចេះ គឺជា​បង្អែក​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​វរ​ការពារ​ព្រំដែន​លេខ​២០៤ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ទាំងយប់​ទាំង​ថ្ងៃ​។ ការដែល​មេ​ឈ្មួញ គង់ ក្រឹ​ង អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក៏ដូចជា​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ និង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​៕

លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ


សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ