បុរស​ឆ្នើម​ផ្នែក​ដោះ​មីន​លោក អាគីរ៉ា ត្រូវ​បាន​តុលាការ​លើកលែង​ការ​ចោទប្រកាន់

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

បុរស​ឆ្នើម​ផ្នែក​ដោះមីន​លោក អឿន យក្ស ហៅ​អាគីរ៉ា ដែល​ជា​ប្រធាន​អង្គការ​សារមន្ទីរ​មីន ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់ រឿង​រក្សាទុក​អាវុធ​ខុសច្បាប់។ តាម​ការ​ចុះផ្សាយ​របស់​​កាសែត​ភ្នំពេញប៉ុស្តិ៍ ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ២៦ ខែ​ធ្នូ បាន​ទម្លាក់​ចោល​បទចោទប្រកាន់ លើ​រូបលោក អឿន យក្ស និង​សហការី​លោក​ពីរ​រូប​ទៀត។ ជាង​នេះ​ទៅ​ទៀត តុលាការ​ក៏​អនុញ្ញាត ឲ្យ​អង្គការ​សារមន្ទីរ​មីន​របស់​លោក បើក​ដំណើរការ​ឡើងវិញ​ដែរ។

លោក អាគីរ៉ា ដែល​ជាប់​ក្នុង​បញ្ជី​វីរបុរស​ឆ្នើម​ទាំង ១០​នាក់​របស់​ទូរទស្សន៍​អាមេរិក CNN ផ្នែក​កិច្ច​ការ​ជួយ​សង្គម ដោយ​សកម្មភាព​ស្ម័គ្រចិត្ត​ដោះ​មីន​របស់​លោក ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​កាលពី​ចុងខែ សីហា​កន្លង​ទៅ​នេះ។ សហការី​ពីរ​រូប​របស់​លោក ក៏​ត្រូវ​បាន​ឃុំខ្លួន​ដែរ។ អង្គការ​សារមន្ទីរ​របស់​លោក ក៏​ត្រូវ​បិទទ្វារ តាំងពី​ពេលនោះ​មក ដោយ​អាជ្ញាធរ​ដាក់​ពង្រាយ​កម្លាំង​យាម​ការពារ នៅមុខ​នោះ​ផង។ ប៉ុន្តែ នៅ​ថ្ងៃទី២០ ខ​កញ្ញា អ្នក​ទាំង​បី ត្រូវ​បាន​តុលាការ អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

របាយការណ៍​របស់​នគរបាល​ខេត្ត​សៀមរាប​កាលណោះ រៀបរាប់​ពី​មូលហេតុ នៃ​ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​អង្គការ​សារមន្ទីរ​គ្រាប់មីន និង​បិទ​សារមន្ទីរ​នេះ ថា ដោយសារតែ​អាជ្ញាធរ រក​ឃើញ​គ្រឿងផ្ទុះ នៅ​ក្នុង​អង្គការ​នេះ ក្រោយ​មាន​ករណី​អគ្គីភ័យ​មួយ​កាលពី​ចុងខែ​សីហា។ ការ​ឃុំខ្លួន ចោទប្រកាន់ និង​បិទ​អង្គការ​នេះ រង​ការរិះគន់​យ៉ាង​ខ្លាំង ពី​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​កើតហេតុ រក​ឃើញ​ភាព​មន្ទិល និង​សង្ស័យ​ជាច្រើន ជុំវិញ​ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​អង្គការ​សារមន្ទីរ​គ្រាប់មីន ព្រោះ​បើ​តាម​ការ​បញ្ជាក់​ពី​ភាគី​ពាក់ព័ន្ធ អង្គការ​សារមន្ទីរ​គ្រាប់មីន​នេះ មិន​មាន​ការ​តាំង​គ្រាប់រំសេវ​ជា​ផ្ទុះ​នោះ​ទេ។

លោក អឿន យក្ស ហៅ អាគីរ៉ា ទទួល​បាន​ភាព​ល្បីល្បាញ ដោយសារ សកម្មភាព​ស្ម័គ្រចិត្ត ដោះ​មីន កាលពី​កំឡុង​ឆ្នាំ​១៩៩០ រហូតដល់​ឆ្នាំ​២០០៧។ ជាង​១៧​ឆ្នាំ លោក​បាន​ដោះ​មីន ចេញពី​ផ្ទៃដី បាន​ប្រមាណ ៥​ម៉ឺន​គ្រាប់ ហើយ​ការ​ដោះ​មីន​របស់​លោក មិន​ត្រូវ​ការ​ប្រើ​តាម​បច្ចេកទេស ឬ​ឧបករណ៍ ដោះ​មីន​ដូច​អង្គភាព​ស៊ីម៉ាក់​ទេ ដោយពេល​ខ្លះ លោក​បាន​ប្រើប្រាស់​ដៃទទេ ដើម្បី​ដោះ​មីន ក៏​មាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ