ការ​រាំ​ច្រៀង​សប្បាយ​នៅ​វិមាន​ឈ្នះ​ឈ្នះ​រង​ការ​រិះគន់​ថា​ជា​ការ​បំភ័ន្ត​​ខុស​ពី​អ្វី​ដែល​ពលរដ្ឋ​ជួប​ប្រទះ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 11 views

p1

អ្នកវិភាគ និង​សកម្មជន​បក្ស​ប្រឆាំង​យល់​ថា របប​ក្រុងភ្នំពេញ​កំពុង​បង្កើត​ព្រឹត្តិការណ៍​ច្រៀង​រាំ​សប្បាយ នៅ​វិមាន​ឈ្នះ​ឈ្នះ ស្រប​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ គឺជា​ការ​ចង់​បន្លំ​ស្ថានការណ៍ មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្វល់​ខ្វល់​ពី​បញ្ហា​របស់​ជាតិ។ ពួកគេ​រិះគន់​ថា អ្វី​ដែល​របប​ក្រុងភ្នំពេញ​កំពុង​រៀបចំ​នេះ មិនមែន​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​នោះ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម យល់ថា ទោះ​លោក ហ៊ុន សែន ខំប្រឹង​បង្កើត​ព្រឹត្តិការណ៍​សប្បាយរីករាយ ដើម្បី​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន​យ៉ាង​ណា​ក្តី បើ​មេដឹកនាំ​របប​នេះ​មិន​បាន​ធ្វើ​អ្វី​តាម​អន្តរជាតិ​ចង់បាន​ទេ​នោះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​នា​ពេល​ខាង​នេះ ដោយ​ចៀស​មិន​រួច។

អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា ពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​វិបត្តិ​នយោបាយ វិបត្តិ​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត មិន​អាច​សប្បាយរីករាយ នឹង​ការរៀបចំ​របស់​របប​ក្រុងភ្នំពេញ​ឡើយ។ អ្នកវិភាគ​រូប​នេះ ចង់​ឃើញ​របប​ក្រុងភ្នំពេញ​កែខ្លួន​ឡើងវិញ ដើរមក​ផ្លូវ​ត្រូវ​ដែល​ជា​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន៖ «ព្រឹត្តិការណ៍​ឈ្នះ​ឈ្នះ​មិន​អាច​យក​ទៅ​បន្លំ​ព្រឹត្តិការណ៍​លុបចោល​អនុគ្រោះ​ពន្ធ​ទេ»

ចំណែក សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដែល​ត្រូវ​និទ្ទេស​ខ្លួន ព្រោះ​វិបត្តិ​នយោបាយ​លោកស្រី មាស លក្ខិណា និយាយ​ថា របប​ក្រុងភ្នំពេញ កំពុង​សប្បាយ​លើ​គំនរ​ទុក្ខ​របស់​ពលរដ្ឋ និង​យក​លុយ​ជាតិ​មក​ចាយ​ខ្ជះខ្ជាយ ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ។ លោកស្រី​យល់ថា ការ​ប្រឹងប្រែង​បិទបាំង​ពី​បញ្ហា​របស់​ពលរដ្ឋ​បែបនេះ គឺជា​ការ​ភិតភ័យ​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ទោះបី​គាត់​(​លោក ហ៊ុន សែន​)​ប្រឹង​តុបតែង​ក៏​អត់​ទៅ​រួច​ដែរ នេះ​គ្រាន់តែ​គាត់​កុហក​ខ្លួនឯង​ទេ»

របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៩ ៣០ ៣១​ខែ​ធ្នូ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន កំពុង​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព​នៃ​ពិធី​ជា​បន្តបន្ទាប់ និង​អះអាង​ថា មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ពិធី​នោះ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ក៏បាន​អំពាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​ឲ្យ​សប្បាយរីករាយ​។ នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ កាលពី​ថ្ងៃទី២៩ ខែ​ធ្នូ ក៏​ប្រាប់​ទៅ​ពលរដ្ឋ​មក​រាំ​សប្បាយ​នៅ​ទីនេះ​ដោយ​លោក​អះអាង​ថា របប​លោក​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​សង្គ្រាម​ក្លាយ​ជា​ដែនដី​សុវណ្ណ៖ «អរគុណ​ចំពោះ​ការ​គាំទ្រ​ទាំងអស់​របស់​ប្រជាជន អរគុណ​សម្រាប់​ការចូលរួម អរគុណ​ជនរួមជាតិ ហើយ​សូម​អញ្ជើញ​រាំ​លែង​កម្សាន្ត​តាម​ចិត្ត​នៅ​ទីនេះ​បី​យប់​បី​ថ្ងៃ»

ក្រោយ​រំលាយ​បក្ស​ប្រឆាំង និង​គ្រប់គ្រង​អំណាច​បាន​ជោគជ័យ​តាម​បែប​ឯកបក្ស របប​ក្រុងភ្នំពេញ​បាន​ប្រញាប់ប្រញាល់ រៀបចំ​បង្កើត​កម្មវិធី​សប្បាយ​ជាច្រើន ហើយ​នៅ​ចុងក្រោយ​នេះ​គឺជា​ការ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​បី​យប់ បី​ថ្ងៃ ពោរពេញ​ដោយ​ការ​ច្រៀង​រាំ​សប្បាយ បាញ់​កាំជ្រួច​ស្ទើរ​ឆេះ​មេឃ ដែល​កម្មវិធី​នេះ​ចំណាយ​លុយ​អស់​ជាង​១២​លាន​ដុល្លារ។ ក្រោយ​ចប់​កម្មវិធី​នេះ របប​ក្រុងភ្នំពេញ នឹង​បន្ត​ប្រារព្ធ​ថ្ងៃ​រំលឹក​ជ័យជំនះ​របស់​ខ្លួន​មួយទៀត គឺ​ថ្ងៃ​ទី​៧​មករា ដែល​របប​នេះ​គ្រោង​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​ត្រូវ​ចាយ​លុយ​​យ៉ាង​សន្ធឹកសន្ធាប់​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ