សកម្មជន​បក្ស​ប្រឆាំង​បន្ត​ពង្រឹង​សាមគ្គីភាព​ទោះបី​លោក ហ៊ុន សែន គំរាម​ចាប់​មេ​បក្ស​ខ្លួន

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 9 views

p1

សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​មួយ​ចំនួន​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ជួបជុំគ្នា​ដើម្បី​ពង្រឹង​សាមគ្គីភាព​ក្នុង​ជួរ​គណបក្ស​ជា​ធ្លុង​មួយ​ដដែល បើទោះបី​ជាថ្មីៗ​នេះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ប្រធាន​ស្ដីទី​គណបក្ស​របស់​ខ្លួន​ក្ដី។ មន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ​ក៏​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ឲ្យ​បាន​ឆាប់​ដែរ ដើម្បី​រួម​កម្លាំង​សមាជិក​បក្ស​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា ឲ្យ​មាន​សេរីភាព និង​ដើម្បី​រួមគ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើងវិញ។

មន្ត្រី​គណបក្សប្រឆាំង​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក ឈួន លីហេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៣០ ធ្នូ ថា បើទោះបី​ជា​ថ្មីៗ​នេះ​លោក ហ៊ុន សែន បាន​ព្រមាន​វាយ​ខ្នោះ​លោក សម រង្ស៊ី ក៏​ពួកគេ​នៅតែ​សាមគ្គី​គ្នា​រឹងមាំ ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​នេះ​ឡើយ។

លោក​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ សកម្មជន​របស់​គណបក្ស​ខ្លួន​ប្រមាណ ១០០​នាក់​បាន​ជួបជុំគ្នា​នៅ​ស្រុក​មេមត់ ដើម្បី​ពង្រឹង​សាមគ្គីភាព​របស់​សមាជិក ហើយ​ត្រៀមខ្លួន​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ បន្ថែម​ទៀត​ថា ប្រសិនបើ​លោក សម រង្ស៊ី ចូល​ស្រុក​កាន់តែ​ឆាប់​កាន់តែ​ល្អ ព្រោះ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ មានតែ​លោក សម រង្ស៊ី ទេ ដែល​អាច​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ​បាន៖ «បាទ​ត្រូវតែ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី មក​ដឹកនាំ​គណបក្ស​ឡើងវិញ ហើយ​ទាមទារ​ឲ្យ​លោក កឹម សុខា មក​ធ្វើជា​ប្រធាន​ដដែល ហើយ​ចង់បាន​ឲ្យ​ប្រទេស​រីក​ចំរើន​ដូច​ប្រទេស​លើ​ពិភពលោក។ ព្រោះ​គេ​បាន​រំលាយ​បក្ស​ចោល ហើយ​ចាប់​មេ​បក្ស​ខ្ញុំ​ដាក់គុក​គឺ​ខុសច្បាប់​ហើយ ដូច្នេះ​ទាំង​ពលរដ្ឋ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​មិន​អាច​នៅ​ស្ងៀម​បានទេ ព្រោះ​គ្មាន​អ្នក​ដឹក​តំណាង​ណា​ឲ្យ​គាត់​ជ្រើសរើស​សម្រាប់​ដឹកនាំ​ប្រទេស​បានទេ ដូច្នេះ​ហើយ​ពួក​យើង​ទាមទារ​ឲ្យ​លោក​ប្រធាន​ទាំងពីរ​មក​ដឹកនាំ​គណបក្ស​ឡើងវិញ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាងមុខ»

ចំណែក​មន្ត្រី​គណបក្សប្រឆាំង​ប្រចាំ​ខេត្ត​បាត់ដំបង​ឯណោះ​វិញ លោក សួន ចំរើន អះអាង​ថា ចាប់​តាំង​ពី​លោក ហ៊ុន សែន គំរាម​ចាប់​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​មក គឺ​សកម្មជន​របស់​គណបក្ស​ខ្លួន​នៅ​តាម​ខេត្ត​ជាច្រើន​បាន​ផុលផុស​កាន់តែ​ខ្លាំង ជាពិសេស​នៅ​ខេត្ត​បាត់ដំបង សៀមរាប ស្វាយរៀង និង​ខេត្ត​កណ្ដាល​ជាដើម បាន​ជួបជុំ​ពង្រឹង​សាមគ្គី​ភាពជា​រៀងរាល់ថ្ងៃ។ លោក​ថា ការ​ផុលផុស​នេះ ដោយសារ​ពលរដ្ឋ​ធុញទ្រាន់​នឹង​របប​គ្រប់គ្រង​សព្វថ្ងៃ៖ «កាលពីមុន​ធ្វើ​រាង​លាក់លៀម​អ្នកខ្លះ​បង្ហោះ​ហ្វេសប៊ុក (Facebook) ទៅ អ្នកខ្លះ​ក៏​មិនបាន​បង្ហោះ​ហ្វេសប៊ុក​ទេ ហើយ​ខ្លះ​ធ្វើ​ឯកជន​រៀងខ្លួន។ ប៉ុន្តែ​ក្រោយពី​លោក ហ៊ុន សែន ប្រកាស​គំរាមកំហែង​លោក​ប្រធាន​ស្ដីទី​គណបក្ស​មក ចាប់ផ្ដើម​មនុស្ស​ជួបជុំគ្នា ហើយ​បង្ហោះ​វីដេអូ​ទ្រង់ទ្រាយ​ធំ​តែម្ដង​នៅ​តាម​បណ្ដា​ខេត្ត​ទាំងអស់ ពី​ព្រោះ​ថា​ការ​ស្រលាញ់​លោក សម រង្ស៊ី វា​ពុះកញ្ជ្រោល​ជាជាង​ការ​គំរាមកំហែង​និង​ការភ័យខ្លាច»

អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​ជួប​គ្នា​នេះ​ទេ ព្រោះ​លោក​ថា ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ របស់​ប្រជាពលរដ្ឋ៖ «កុំ​ឲ្យ​គេ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រទេសជាតិ​នឹង​ជា​រឿង​ផ្ទៃក្នុង​បោះ​គេ។ បាទ​កាលណា​គាត់​រៀបចំ​គម្រោង​ដែល​រំខាន​ដល់​ការបោះឆ្នោត អា​នឹង​ត្រូវ​មាន​ការគ្រប់គ្រង​ដោយ​ដែន​សមត្ថកិច្ច តែ​ឥឡូវ​ការបោះឆ្នោត​បាន​កន្លែង​ផុត​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា មន្ត្រី​គណបក្សប្រឆាំង​ជួបជុំគ្នា​ឡើងវិញ​បាន ដោយសារ មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​មូលដ្ឋាន​ហាក់​មាន​បន្ធូរបន្ថយ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ខុស​ពីមុន​ការបោះឆ្នោត​កន្លងមក ដែល​អាជ្ញាធរ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង​ដល់​ពួកគាត់។ លោក​បន្ត​ថា បញ្ហា​នេះ​ទំនង​ដោយសារ​កាលពី​ថ្មី​នេះ​មាន​សេចក្ដីប្រកាស​ពី​ក្រសួងមហាផ្ទៃ ដែល​បាន​បើក​សិទ្ធិ​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នានា​អាច​ជួបជុំគ្នា​ធ្វើ​សកម្មភាព​ដោយ​មិន​ចាប់​សុំច្បាប់​នោះ៖ «សារ​របស់​គាត់​គ្រាន់តែ​ថា​គាត់​គាំទ្រ​នូវ​ការដឹកនាំ​របស់​លោក សម រង្ស៊ី ហើយ​គាត់​មិន​ចូលរួម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋាភិបាល​ឡើងវិញ​ទេ នេះ​ជា​សិទ្ធិ​របស់​គាត់ ជា​សេរីភាព​របស់​គាត់​ដូចជា​អត់​មាន​ប៉ះពាល់​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​តម្រូវ​ឲ្យ​គាត់​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​ដូច​អត់​មានអី​ទេ»

ទោះជា​យ៉ាងណា មួយ​រយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​ក៏បាន​ដាក់​កម្លាំង​តាម​ឃ្លាំមើល​ការ​ជួប​ជុំគ្នា​នេះ​ជាប្រចាំ​ដែរ ក្នុង​នោះ​នៅ​តំបន់​ខ្លះ ដូចជា​នៅ​ខេត្ត​បាត់ដំបង កណ្ដាល​និង ខេត្ត​បន្ទាយមានជ័យ​ជាដើម​អាជ្ញាធរ​ថែមទាំង​បាន​ហាមឃាត់​មន្ត្រី​ប្រឆាំង​ឲ្យ​ឈប់​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​គាំទ្រ​លោក សម រង្ស៊ី បង្ហោះ​តាម​ហ្វេសប៊ុក​បន្ត​ទៀត។

ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំងនោះ​អះអាង​ថា ពួកគាត់​នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ជួបជុំគ្នា​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​នៅ​កម្ពុជា ដោយ​មិន​ខ្លាច​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ