លោក កឹម សុខា​ និង​លោក ហ៊ុន សែន ​បង្ហាញ​សារ​នយោបាយ​ខុសគ្នា​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 10 views

p1

នៅ​មុន​ដំណាច់​ឆ្នាំ​ចាស់​មួយ គឺ​ថ្ងៃ​ចន្ទ ទី៣១ ធ្នូ​ ឆ្នាំ២០១៨ ឆ្លង​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ២០១៩ នេះ អ្នក​នយោបាយ នៃ​គណបក្ស​ធំៗ នៅ​កម្ពុជា បាន​ផ្ញើ​សារ​របស់​ខ្លួន​ផ្សេងៗ គ្នា ជូន​ទៅ​ពលរដ្ឋ និង​អ្នក​គាំទ្រ​បក្ស តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

នា​ឱកាស​ឆ្នាំ​ថ្មី ​២០១៩​ នេះ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ព្រម​ទាំង​មន្រ្តី​សង្គម​ស៊ីវិល​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ ចំពោះ​បញ្ហា​ប្រទេស​ជាតិ ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ ហើយ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ។

ចំណែក​មេដឹកនាំ​របប​ក្រុងភ្នំពេញ​វិញ​ មិនបាន​លើក​ឡើង​ពី​បញ្ហា​វិបត្តិ​របស់​ប្រទេស​ជាតិ ដែល​កើត​មាន​ភាព​ចម្រូង​ចម្រាស​នោះ​ទេ ប៉ុន្តែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ច្រៀង​រាំ​សប្បាយ ក្នុង​ព្រឹត្តិការណ៍​ដែល​លោក​ ហ៊ុន សែន​ កំពុង​រៀបចំ​នៅ​វិមាន​ឈ្នះ​ឈ្នះ​ឯ​ណោះ​ទៅ​វិញ។

ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​ និង​របប​ឯក​បក្ស​របស់​លោក​ ហ៊ុន សែន​ បាន​ហែកហួរ​គ្នា​រហូត​ដល់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ពីរ​ ម្នាក់​ត្រូវ​បាន​ចាប់​ឃុំ​ និង​ម្នាក់​ទៀត​ បាន​រត់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

បើ​ទោះ​បី​មាន​វិបត្តិ​នយោបាយ ​មិនទាន់​បាន​រលត់​ក៏​ដោយ​ ក៏​អ្នក​នយោបាយ​ខ្មែរ​ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​​មិន​ភ្លេច​ការ​ជូនពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០១៩​ នេះ​ឡើយ។

ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក កឹម សុខា​ ដែល​ត្រូវ​របប​លោក​ ហ៊ុន សែន​ ឃុំឃាំង​ក្នុង​ផ្ទះ​ផ្ញើ​សារ​អបអរ​ឆ្នាំ​ថ្មី​នេះ​ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​ មិន​យក​ខ្មែរ​ណា​ជា​សត្រូវ ​​​ដើម្បី​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​ខ្មែរ​ ទទួល​បាន​សុខ​សន្តិភាព​ និង​វឌ្ឍនភាព​តាម​គោល​ការណ៍​​ប្រជាធិបតេយ្យ។

ជាមួយគ្នា​នេះ​ លោក កឹម សុខា ​បួងសួង​សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ កម្ពុជា​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​លុប​បំបាត់​ជំងឺ​ពីរ​យ៉ាង​ ដែល​កំពុង​រាតត្បាត​ក្នុង​សង្គម​ខ្មែរ គឺ​ការ​គាប​សង្កត់​ជិះជាន់​ គំរាមកំហែង​ ជាពិសេស​ដោយ​អំពើ​ហិង្សា​ និង​ជំងឺ​មួយ​ទៀត​នោះ​ គឺ​ការ​ស្អប់ ឈ្នានីស​គ្នា​ តាម​រូបភាព​លាប​ពណ៌​ ជេរ​ប្រមាថ​ និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​គ្នា​ជា​ដើម។

លោក​បន្ត​ថា ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​គឺ​ចាប់​ផ្ដើម​ពី​មេ​ដឹក​នាំ​គ្រប់​និន្នាការ​នយោបាយ​ ត្រូវ​វិល​ទៅ​រក​ទសពិធ​រាជធម៌ ​ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាម​បែប​គុណធម៌​ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ ​ជាពិសេស​កូនខ្មែរ​ជំនាន់​ក្រោយ​ ឲ្យ​ដើរ​ឆ្ពោះ​ទៅ​រក​ការអភិវឌ្ឍន៍​ រីក​ចំរើន​ រុងរឿង​ពិត​ប្រាកដ។

មេដឹកនាំ​បក្ស​ប្រឆាំង​ ដ៏​ល្បីឈ្មោះ​ មួយ​រូប​ទៀត​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​  គឺ​លោក​ សម រង្ស៊ី​ ក៏​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា ​ឆ្នាំ​ថ្មី​២០១៩ ​នេះ​ ជន​រួម​ជាតិ​ នឹង​ទទួល​បាន​សេចក្ដី​សុខ​ រក្សា​សាមគ្គីភាព​ និង​រម្ងាប់​ការ​ព្យាបាទ​ ដើម្បី​ទុក​ជា​ប្រវត្តិសាស្ត្រ​ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​កាល​ពី​សប្ដាហ៍​មុន​ដោយ​លោក​មាន​សុទិដ្ឋិនិយម​ថា ឆ្នាំ​ថ្មី​ អ្វីៗ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ៖ «ឆ្នាំ​២០១៩​ឆ្នាំ​សកល​ខ្ញុំ​ជឿជាក់​១០០%​ថា​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ​ដូច​អ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន​យូរ​ហើយ​គឺ​យើង​ត្រូវ​តែ​ត្រៀម​លក្ខណៈ​មិន​មែន​មាន​តែ​ខ្ញុំ​ សម រង្ស៊ី​ មិន​មែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​​មាន​ភាគី​ច្រើន​ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស»

អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សារ​ជូន​ពរ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ​ហាក់​បី​ដូច​ជា​បាន​បង្កប់​នូវ​ការ​ដាក់​សម្ពាធ​ផង​នឹង​ក៏​ជំរុញ​ដល់​របប​ក្រុង​ភ្នំពេញ​អោយ​កែ​ប្រែ​ស្ថានភាព​ឡើង​វិញ​សម្រាប់​ឆ្នាំ​ថ្មី​២០១៩​ នេះ។

ផ្ទុយ​ពី​សារ​ជូនពរ​ឆ្នាំ​ថ្មី​របស់​មេ​បក្ស​ប្រឆាំង​ ដែល​លើក​ឡើង​ពី​បញ្ហា​ស្មុគស្មាញ​របស់​ជាតិ​ ដែល​កំពុង​មាន​វិបត្តិនយោបាយ​ធ្ងន់ធ្ងរ​ យ៉ាង​ណា​ក្តី ​ក៏​ លោក​ ហ៊ុន ​សែន​ មេ​បក្ស​ កាន់អំណាច​ មិន​បាន​បង្ហាញ​សារ​ដែល​ជា​ដំណោះ​ស្រាយ​នយោបាយ​ណាមួយ​ជាមួយ​គណបក្ស​ប្រឆាំង​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ទេ។ ​

មេដឹកនាំ​ របប​ឯក​បក្ស​ បច្ចុប្បន្ន ​ និង​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ​គឺ​លោក​ ហ៊ុន សែន​ ដែល​បាន​កាន់​កាប់​អំណាច​ជាង​៣​ទសវត្ស​មក​ហើយ​នោះ ក៏​មាន​ផ្ញើ​សារ​ជូន​ពរ​ ទន្ទឹម​គ្នា​នឹង​ការ​ដាក់​សម្ពោធ​អោយ​ប្រើ​ប្រាស់​វិមាន​ឈ្នះៗ ​ដែល​លោក​ សម រង្ស៊ី​​ ហៅ​ថា​ ជា​វិមាន​ក្បត់​ជាតិ​ ហើយ​អ្នក​វិភាគ​ថា ​ជា​កន្លែង​តម្កល់​ឯក​សារ​ប្រវត្តិ​សាស្ត្រ​ក្លែង​ក្លាយ។

លោក​ ហ៊ុន ​សែន ​បាន​យក​ឱកាស​ដាច់​ឆ្នាំ​ចាស់​ ឆ្លង​ចូល​ឆ្នាំ​ថ្មី​នេះ​  បង្កើត​កម្មវិធី​ច្រៀង​រាំ​សប្បាយ​ ក្នុង​ពិធី​​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​របស់​ខ្លួន។ លោក​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​និង​ភរិយា​ នឹង​ចូលរួម​ឆ្លង​ឆ្នាំ​សកល​ ២០១៨​ ចូល​ ២០១៩​ នៅ​វិមាន​ឈ្នះ​ឈ្នះ ហើយ​លោក​ក៏​បាន​ឆ្លៀត​រំលឹក​ទៅ​ពលរដ្ឋ​ឲ្យទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន។

លោក​ក៏​បាន​ជូន​ពរ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ រួម​ទាំង​កងទ័ព ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន ជួប​តែ​សេចក្ដី​សុខ សេចក្ដី​ចម្រើន ​មាន​សុខភាព​ល្អ​ ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ និង​មុខ​របរ​ និង​មាន​លាភ​សំណាង​គ្រប់ៗ គ្នា នា​ក្នុង​ឆ្នាំ​ថ្មី​ ២០១៩។

ជុំវិញ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​របស់​អ្នក​នយោបាយ​នេះ​ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ លោក ថេង សាវឿន​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ការ​លើក​ឡើង​របស់​អ្នកនយោបាយ​នេះ​ទេ។ ប៉ុន្តែ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ រក​ដំណោះស្រាយ​រួម​មួយ ដើម្បី​ផ្តល់​ប្រយោជន៍​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​ការ​ពួក​គេ៖ «ទាំង​អ្នក​នយោបាយ​និង​ប្រជា​ពលរដ្ឋ​ត្រូវ​ងាក​មក​លើ​ការ​រួបរួម​គ្នា​ ការ​ផ្សះផ្សា​ជាតិ ​ការ​ឯកភាពជាតិ​ រួម​ដៃ​គ្នា​ក្នុង​ការ​កសាងជាតិ​ដើម្បី​អភិវឌ្ឍន៍​សង្គម នៅ​កម្ពុជា​អោយ​ស្រប​ទៅ​នឹង​ប្រទេស​ផ្សេងៗ ប្រទេស​ជិត​ខាង ដែល​គេ​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ»

ចំណែក​ មន្រ្តី​សិទ្ធិ​មនុស្ស​ឯ​ណោះ​វិញ​ លោក ស៊ឹង ​សែនករុណា ​ដែល​ជា​អ្នក​នាំ​ពាក្យ​សមាគម អាដហុក (ADHOC) បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ​ថា អ្វី​ដែល​លោក​ដឹង​ឮ គឺ​ការ​រំលោភ​សិទ្ធិពលរដ្ឋ​ និង​នយោបាយ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​គេ ​ដែល​បាន​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​ ដោយ​កាត់​ផ្តាច់​ឫសគល់​នៃ​លទ្ធិប្រជាធិបតេយ្យ។

លោក​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​ សំពាធ​ផ្សេងៗ ​អាច​នឹង​កើត​មាន​ក្នុង​ឆ្នាំ​ថ្មី​នេះ​ត​ទៅ​ ខណៈ​បញ្ហា​ពិត​ដែល​អន្តរ​ជាតិ​លើកឡើង​មិន​ត្រូវ​បាន​ដោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ