សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីឆ្លងឆ្នាំសកល ២០១៩ នៅវិមាននយោបាយឈ្នះឈ្នះ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:40 | ដោយ 8 views

p1

រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៩ ដែលនឹងប្រារព្ធធ្វើឡើង នៅវិមាននយោបាយឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជ ធានីភ្នំពេញ។

 

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook យ៉ាងដូច្នេះថា៖ «ថ្ងៃទី៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨។ នៅយប់នេះ ខ្ញុំនិងភរិយា​ នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធ កាលពីថ្ងៃទី២៩ ធ្នូ ថ្មីៗនេះ។ បងប្អូនអាចនាំកូនចៅមកកំសាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញ គឺមានលក់ត្រៀបត្រា នៅតាមស្តង់ ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ»។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់ជនរួមជាតិ ទេសចរជាតិ និងអន្តរជាតិ ព្រមទាំងយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ នៅយប់នេះឱ្យបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង។

 

សម្តេចបានជូនពរជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅតាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខ របរនិងមានលាភសំណាងគ្រប់ៗគ្នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់ នៅពាក់កណ្តាលអាធ្រាត្រយប់នេះ។

 

សូមបញ្ជាក់ថា វិមានឈ្នះ ឈ្នះ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ ជាមួយនឹងពិធីអបអរសាទរដល់ខួបលើកទី២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើង រយៈពេល៣យប់៣ថ្ងៃ អមជាមួយ នឹងពិធីឆ្លង និងពិធីបុណ្យចូលឆ្នាំសកលផងដែរ៕

 

      

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ