កម្ពុជា-ឡាវ ពង្រឹងកិច្ច សហប្រតិបត្តិការ គ្រប់គ្រងជលផល រវាងប្រទេសទាំងពីរ

ចុះផ្សាយថ្អៃទី 2017-01-24 02:00:13 | ដោយ 174 views

p1

ដើមអម្ពិល ID:049
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 16:54

ភ្នំពេញ៖ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរ ជលផលរបស់ប្រទេសកម្ពុជា-ឡាវ នឹងពង្រឹងសហប្រតិត្តិការឆ្លងដែន ដើម្បីគ្រប់គ្រងជលផល នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ នៃប្រទេសទំាងពីរ នេះបើយោងតាម សារព័ត៌មានAKP ។

សេចក្ដីប្រកាសព័ត៌មានរបស់ លេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គ ចេញផ្សាយនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ការប្តេជ្ញានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរួមគ្នា មួយដែល រៀបចំឡើង កាលពីពេលថ្មីៗនេះទៅកាន់ ទន្លេមេគង្គ និងសេកុង។

ទន្លេទំាងពីរនេះ បានភ្ជាប់ខេត្ត ចំប៉ាសាក់ និង អាតាពឺ របស់ឡាវ ជាមួយនឹងខេត្តស្ទឹងត្រែង និងក្រចេះ របស់កម្ពុជា ។
លោក វ៉ាត់ បុត្តកុសល អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៏ថា “យើងមានបញ្ហា និងក្តីកង្វល់ដូចគ្នា ក្នុងការគ្រប់គ្រងជលផល ដែលកំពុងរងការគំរាមកំហែង ដោយសារសកម្មភាព របស់មនុស្ស និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ។ ដូច្នេះ ការពង្រឹងកិច្ចសហការ សំខាន់ណាស់សម្រាប់ប្រទេស ទំាងពីរដើម្បីរួមគ្នា ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព” ។

ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរួមគ្នាជាលើកទី១ កាលពីដំណាច់ឆ្នាំ២០១៦ ដែលត្រូវបានរៀបចំ ក្រោមគម្រោងគ្រប់គ្រង ជលផលនៅទន្លេមេគង្គ និងសេកុង របស់គណៈកម្មការទន្លេមេគង្គ (MRC) មន្ត្រីនៃប្រទេសទំាងពីរ បានទៅមើលតំបន់អភិរក្ស ត្រីនៅខេត្តអាតាពឺ និងសហគមន៍នេសាទ នៅខេត្តស្ទឹងត្រែង ។

ប្រទេសទាំងពីរបានរៀនសូត្រពីគ្នា ទៅវិញទៅមកពីរបៀប គ្រប់គ្រងជលផលរបស់សហគមន៍។ ទន្ទឹមនឹងនោះ ភាគីទំាងពីរ ក៏បានពិនិត្យឡើងវិញនូវ បញ្ហាប្រឈមនៅទន្លេមេគង្គ និងសេកុង សម្រាប់រៀបចំជារបាយ ការណ៍ពិស្តារមួយដែលជាជំហាន ឆ្ពោះទៅរកការបង្កើតផែនការ គ្រប់គ្រងជលផលរួមគ្នា ។

សូមបញ្ជាក់ថា ទន្លេសេគង្គ ហូរពីប្រទេសវៀតណាម កាត់ប្រទេសឡាវ មុននឹងហូរ ចូលប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយទន្លេមេគង្គ ។ ទន្លេទំាងពីរនេះជាប្រភព ធនធានធម្មជាតិ ដែលប្រជាពលរដ្ឋកម្ពុជា និងឡាវ រាប់លាននាក់ អាស្រ័យផល សម្រាប់ការរស់នៅ។ក៏ប៉ុន្តែ ប្រព័ន្ធអេកូឡូស៊ីនៃទន្លេទំាងពីរ កំពុងរងការ គំរាមកំហែងពីការកើនឡើង នៃសកម្មភាពនេសាទ ការនេសាទខុសច្បាប់ គ្រោះទឹកជំនន់ និងរំាងស្ងួត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទំាងទំនប់ វារីអគ្គិសនីផងដែរ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ