ទូតជប៉ុនសង្ឃឹមថា ដំណើរការចុះឈ្មោះ បោះឆ្នោតនៅកម្ពុជា នឹងបញ្ចប់ដោយស្ថាពរ

ចុះផ្សាយថ្អៃទី 2017-01-23 23:00:14 | ដោយ 83 views

p1

បាន សុខរិទ្ធិ ID:038
ថ្ងៃពុធ, ២១ កញ្ញា ២០១៦ 20:19

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត ជប៉ុនចប់អាណត្តិ ប្រចាំនៅប្រទេសកម្ពុជា លោក គូម៉ាម៉ារូ យូជិ បានបង្ហាញសេចក្តីសង្ឃឹមថា ដំណើរការចុះឈ្មោះបោះឆ្នោត នៅកម្ពុជាក្នុងឆ្នាំ២០១៦នេះ នឹងបញ្ចប់ទៅដោយជោគជ័យ និងចប់ជាស្ថាពរ ។ 

ក្នុងឱកាសចូលជំរាបលាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ លោក គូម៉ាម៉ារូ យូជិ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតនាពេលកន្លងមក របស់កម្ពុជាសង្កេតឃើញថា បានដំណើរការប្រព្រឹត្តទៅដោយប្រក្រតីនិងមានភាពរលូន ហើយសង្ឃឹមថាការចុះឈ្មោះនេះ និងអនុវត្តន៍តាមកម្មវិធីគ្រោងទុក រហូតដល់ចប់ជាស្ថាពរ ។ 

ជាមួយគ្នានោះលោកឯកអគ្គរដ្ឋទូត បានជំរុញដល់ក្រសួងមហាផ្ទៃកម្ពុជា ត្រូវធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឲ្យចប់សព្វគ្រប់ ព្រោះថានេះជាការងារមួយ មានសារៈសំខាន់សម្រាប់បម្រើឲ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ហើយសង្ឃឹមថាការបោះឆ្នោត នៅពេលខាងមុខនេះ នឹងដំណើរការទៅដោយរលូន និងល្អប្រសើរ ព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ ដល់ការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម បានសម្តែងនូវការគាំទ្រ ចំពោះការលើកឡើងនៃសារៈសំខាន់ នៃការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ព្រោះសម្តេចតែងតែជំរុញដល់ស្ថាប័នពាក់ព័ន្ធធ្វើការងារនេះ ហើយគម្រោងអត្តសញ្ញាណបណ្ណចំនួន ១០លានបណ្ណ អាចនឹងធ្វើរួចរាល់នៅចុងឆ្នាំ២០១៦នេះ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋនៅទូទាំងប្រទេស បានទៅចុះឈ្មោះបោះឆ្នោតមានចំនួន ២ ៨១៥ ៣៤៧នាក់ ស្មើនឹង ២៩,១៣ភាគរយ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ