ជំនួយឥតសំណងពីមិត្តចិនជាភ្លើងខៀវ ឲ្យកម្ពុជាតែអ្នកវិភាគថានឹងគ្រោះថ្នាក់ បើជំនួយនោះមានបំណង

ចុះផ្សាយថ្អៃទី 2017-01-23 21:00:13 | ដោយ 72 views

p1

ដើមអម្ពិល ID:013
ថ្ងៃច័ន្ទ, ១៨ កក្កដា ២០១៦ 11:14

ថ្មីៗនេះ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងពីអង្គការសហប្រជាជាតិ ព្រមានកាត់ផ្តាច់ជំនួយ បន្ទាប់ពី តុលាការ ដាក់សម្ពាធមកលើបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកមានជំលោះដីធ្លី។ បញ្ហាទាំងអស់នេះ សុទ្ឋតែធ្វើឲ្យសហគមន៍អន្តរជាតិ ចាត់ទុកថាជារឿងនយោបាយ។ តែជាញឹកញាប់ មន្រ្តីបក្សកាន់អំណាច និងជាមន្រ្តី រដ្ឋាភិបាល តែងតែទាត់ចោល ដោយអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយទេ វិបត្តិមានតែ បក្សប្រឆាំង ជាមួយនឹងតុលាការ។ មន្រ្តីបក្សកាន់អំណាច ក៏ធ្លាប់ចោទប្រកាន់តបវិញថា ការលើកឡើង របស់សហគមន៍អន្តរជាតិ​ ទាំងនោះ សុទ្ឋតែជាការទទួលព័ត៌មានមិនពិត និងលំអៀងទៅរកបក្សប្រឆាំង និងសង្គមស៊ីវិល។

ក្រោយពីមានការគំរាមគំហែង ពីភាគីទាំង២នេះ ប្រទេសចិន ដែលជាមហាមិត្តរបស់កម្ពុជា តាំងពីទសវត្សទី៥០ និងជាប្រទេសមហាអំណាច យោធា និងសេដ្ឋកិច្ចទី២ លើពិភពលោក បានយកឱកាស ដ៏វិសេសវិសាលនេះ ចេញមុខប្រកាសផ្តល់ជំនួយ ក្នុងទំហំទឹកប្រាក់ ៦០០លានដុល្លាអាមេរិក ដល់ប្រទេសកម្ពុជា លើគំរោង២គឺគំរោង ផ្គត់ផ្គង់ ទឹកស្អាត និងសកម្មភាពបោះឆ្នោត សំរាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់។

មន្រ្តីសង្គមស៊ីវិល ប្រតិកម្មតបថា នេះមិនមែនជារឿងចៃដន្យទេ ដែលចិនផ្តល់ជំនួយឲ្យកម្ពុជា ឥតសំណង ដល់កម្ពុជា។ ប្រធានអង្គការ គណនេយ្យភាពសង្គម លោក ស៊ន ជ័យ លើកឡើងថា បើមើលទិដ្ឋភាពជារួមកម្ពុជា គឺជាតំបន់ភូមិសាស្រ្ត នយោបាយ របស់ មហាអំណាចលោកខាងលិច មហាអំណាចចិន និងអឺរ៉ុប។ ដូចនេះ មិត្តចិន កំពុងត្រូវការដៃគូ  ខណៈទំនាស់រឿងបញ្ហាសមុទ្រចិន មិនទាន់បញ្ចប់។ មានន័យថា ចិនកំពុងមានវិវាទខ្លាំង ក្នុងទំនាស់ដែនសមុទ្រចិន ជាមួយ ប្រទេសហ្វីលីពិន និងវៀតណាម។ ការផ្តល់ជំនួយដល់កម្ពុជានេះ គឺជាការត្រូវការដៃគូគាំទ្រ។

លោកស៊ន ជ័យ បន្ថែមថា “អញ្ចឹងកម្ពុជាជៀសមិនរួច ពីមហាអំណាចទាំង៣ នេះទេ អាលូវមិន៣ទេ គឺតែ២ ប៉ុណ្ណោះ គឺទិសដៅលោកសេរី និងកុម្មុយនិស មិនមែនជារឿងចៃដន្យទេ ចឹងបើយើងមើលពីទំនាក់ទំនង អន្តរជាតិ មើលទៅលើកក្កាភូមិសាស្រ្តនយោបាយ ចិនទំនងជាចង់ដើរតួនាទីមួយ តាមរយៈឥទ្ឋិពល នៃជំនួយ ឥតសំណង់ ក្តីមកលើកម្ពុជា ខណៈចិនកំពុងមានជំលោះ រឿងដែនសមុទ្រចិន។ ចឹងវាអត់មានទៅណាឆ្ងាយពី រឿងនេះទេ ដែលគេហៅថា ជារឿង ហុតទឹកសំលឹងកាក មិនអាចទៅណាឆ្ងាយពីនេះទេ។ ជាមួយគ្នានេះដែរខ្ញុំ បារម្មណ៍ពី ចំណង់ល្អក់កករ ទៅថ្ងៃមុខ ជាមួយប្រទេសលោកសេរីហ្នឹង”។

(ស)នៅមុនការប្រកាសសាលក្រមពីតុលាការមជ្ឈត្តិកម្មអចិន្រៃ្តយ៍ ទីក្រុងឡាអេ កម្ពុជាប្រកាសមិនភ្ជាប់ខ្លួន ទៅនឹង បញ្ហាសមុទ្រខាងត្បូង ។ យោងតាមសេចក្ដីប្រកាស របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ នេះឲ្យដឹងថា សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសនូវជំហរ របស់កម្ពុជា ពីរលើករួចមកហើយ គឺម្ដងនៅថ្ងៃទី២០ ខែមិថុនា និងម្ដងទៀតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា កម្ពុជា នឹងមិនភ្ជាប់ខ្លួន ទៅនឹងដំណើរការ ខាងលើនោះឡើយ។

តុលាការមជ្ឈត្តិកម្មអចិន្រៃ្តយ៍ ទីក្រុងឡាអេ បានកំណត់យក ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០១៦ ជាថ្ងៃចេញ សាលដីកា របស់តុលាការ​ ពាក់ព័ន្ធនឹងបណ្ដឹង របស់ ប្រទេសហ្វីលីពីន ក្នុងជម្លោះជាមួយនឹង ប្រទេសចិនលើ បញ្ហាសមុទ្រចិនខាងត្បូង នោះ មកពិភាក្សាការវិភាគ និងការព្រួយបារម្ភ ដែលកើតមានឡើង ក្នុងមជ្ឈដ្ឋាន និងពីសំណាក់ ប្រទេសមួយចំនួន។ ក្នុងសេចក្ដីប្រកាសនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្ដរជាតិកម្ពុជា បានបញ្ជាក់ ពីជំហររបស់កម្ពុជា សារជាថ្មី ៣ចំណុចថា “ទី១. បណ្ដឹងរបស់ហ្វីលីពីន គឺដើម្បីសុំឲ្យតុលាការ មជ្ឈត្តិកម្មអចិន្រ្តៃយ៍ ដោះស្រាយជម្លោះរបស់ខ្លួន ជាមួយនឹងចិន ហើយដំណើរការនេះ មិនពាក់ព័ន្ធនឹង ប្រទេសអាស៊ានឡើយ។ ទី២. ដោយហេតុនេះ កម្ពុជា នឹងមិនចូលរួម ក្នុងការបញ្ចេញជំហរ រួមណាមួយ ចំពោះសាលដីកា តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ ដែលនឹងធ្វើការសម្រេច លើវិវាទ រវាង ប្រទេសហ្វីលីពីន និងចិន នោះឡើយ។ ទី៣.បើទោះបីជា យ៉ាងណាក៏ដោយ ក្នុងនាមជាមិត្ត របស់ភាគីជម្លោះ ទាំងសងខាង និងក្នុងគោល បំណងរក្សសន្ដិភាព សន្ដិសុខ ស្ថេរភាព នៅសមុទ្រចិនខាងត្បូង ក៏ដូចជា ដើម្បីរក្សាផលប្រយោជន៍ ដ៏ធំធេង សម្រាប់តំបន់ទាំងមូល ដែលបានមកពី ទំនាក់ទំនង សហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្រ្តដ៏ល្អប្រសើរ រវាងអាស៊ាន និងចិននោះ កម្ពុជា សូមអំពាវនាវដល់ ប្រទេសហ្វីលីពីន និងចិន បន្ដដោះស្រាយជម្លោះ របស់ខ្លួន ដោយសន្ដិវិធី”។ ជាលទ្ឋផលនៅថ្ងៃទី១២កក្កដា តុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ ឡាអេ បានសម្រេចឲ្យហ្វីលីពីន ឈ្នះក្តី ក្នុងបញ្ហាសមុទ្រចិន។
(ប) ប្រធានអង្គការសិទ្ឋលំដៅដ្ឋាន លោកសៀ ភារម្យ ពន្យល់ថា ភាគីចិនជាកក្តាព្វកិច្ច ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស មិនមានជាការផ្គើន ចំពោះបញ្ចឹមប្រទេស ដែលគ្រោងផ្តាច់ជំនួយ ពីប្រទេស កម្ពុជាឡើយ។ ប្រទេសបញ្ចឹមគេដឹងថា គឺជាសហគមន៍អឺរ៉ុប និងអាមេរិក។

លោក សៀ ភារម្យ បញ្ជាក់ថា “ខ្ញុំគិតថាបើចិនផ្តល់ជំនួយដល់ទៅ ៦០០លានដុល្លា ឥតសំណង វាជាស្មារតីមួយល្អ ដែលជាកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ពោលគឺ គាត់បានបំពេញកាតព្វកិច្ច បានល្អ បើធៀបនឹងប្រទេស ២០ ជាងទៀត ដែលគាត់អត់ដែលរវីរវល់ ជាមួយកម្ពុជា តែយ៉ាងណា យើងសូមអោយភាគីចិន ក៏ដូចជា រដ្ឋាភិបាលគួរតែ ប្រើប្រាស់ ថវិការនេះ ឲ្យបានល្អ ដើម្បីឲ្យពលរដ្ឋពេញចិត្ត ជាពិសេស លើការបោះឆ្នោត ប្រកបដោយ ប្រជាធិបតេយ្យ”។

កាលពីថ្ងៃទី១៥ កក្កដា ក្នុងឱកាសដែលសម្តេចតេជោហ៊ុនសែន អញ្ជើញទៅចូលរួមកិច្ចប្រជុំ ASEM សម្តេចតេជោ បានជួបទ្វេភាគី ជាមួយ នាយករដ្ឋមន្ត្រីចិន លី គីជៀង ដើម្បីពិភាក្សាលើការពង្រឹង ទំនាក់ទំនង សហប្រតិបត្តិការ កម្ពុជា-ចិន បញ្ហាតំបន់ និងអន្តរជាតិ។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ជំនួយ ឥតសំណង ឲ្យកម្ពុជា ចំនួន៣៦០០លានយ័ន ស្មើរនឹងជិត ៦០០លានដុល្លាអាមេរិក សំរាប់រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០១៨។ ថវិការទាំងនេះ សំរាប់ដំណើការបោះឆ្នោត វិស័យសុខាភិបាល អប់រំ និងទឹកស្អាត ជាដើម។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគសង្គម លោក សូ ចន្ថា បញ្ចេញទស្សនៈថា ចំពោះការផ្តល់ ជំនួយ មកឲ្យប្រទេសក្រីក្រ ដូចជា កម្ពុជា មតិភាគច្រើន មិនជំទាស់ទេ តែបើជំនួយនោះ ពិតជាមានបំណងល្អ។ កម្ពុជាទទួលជំនួយពីមិត្តចិន ឥតសំណងជារឿងល្អ តែអ្វីជាការព្រួយបារម្ភ តើជំនួយនោះ មានបំណងឬក៏អត់។ លោកបន្ថែមថា “សំរាប់ប្រទេសកម្ពុជា ជាប្រទេសស្ថិតនៅក្នុងបន្ទាត់ ក្រីក្រ នៅឡើយ ដូចនេះ ការទទួលជំនួយ បានពីប្រទេសនានា ជាចំណែកមួយចូលរួម ការអភិវឌ្ឍន៍ជាតិយើង ឲ្យមានការរីកចំរើន ចំពោះការទទួលជំនួយ ពីចិនសំរាប់ខ្ញុំ ខ្ញុំស្វាគមន៍ដែលរដ្ឋាភិបាល បានជជែក និងទទួលជំនួយនេះ សម្រាប់យកមកអភិវឌ្ឍន៍ ក៏ប៉ុន្តែ អ្វីដែលជាទស្សនៈរបស់ខ្ញុំ ត្រូវគិតផងដែរ ថាតើជំនួយនោះ គ្មានសំណង់ តែមានបំណងដែរឬទេ ពីព្រោះអ្វីដែល កម្ពុជាកំពុងដើរលើគន្លង ប្រជាធិបតេយ្យនិតិរដ្ឋ ការគោរពសិទ្ឋមនុស្ស តាមរដ្ឋធម្មនុញ្ញា”។


(ស)ថវិកាឥតសំណងពីចិន នឹងធ្វើឲ្យ EU ដាក់សម្ពាធមកលើកម្ពុជា។ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គីម សួភីរិទ្ឋ ថ្លែងថា តាំងពីដើមមក រដ្ឋាភិបាលចិន មិនសូវខ្វល់ ពីរឿងសិទ្ឋមនុស្សទេ ទោះបីជា មានការរិះគន់ក៏ដោយ តែងជួយដៃគូខ្លួនឯងរហូត។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ របស់លោក គឺថាសហគមន៍ អឺរ៉ុបអាចដាក់សម្ពាធ មកលើការនាំចេញ សម្លៀកបំពាក់ ពីកម្ពុជា។ នោះកម្មករកម្ពុជា នឹងរងឥទ្ឋិពល។ លោកសង្កត់ធ្ងន់ថា” ដូច្នេះមិនចាំបាច់ឆ្ងល់ទេ រឿងផ្គើនមិនផ្គើន គេធ្វើតាំងពីដើមមកហើយ ចឹងជារឿងធម្មតា ហើយ ដោយសារអញ្ចឹងហើយ បានជារដ្ឋាភិបាលសព្វថ្ងៃ គាត់មិនខ្វល់ពីជំនួយ សហគមន៍អឺរ៉ុប អីនោះទេ ប៉ុន្តែអ្វីដែលខ្ញុំភ័យ ជំនួសគាត់នោះគឺ ការនាំកូតាខោអាវចេញទេ នឹងធ្វើឲ្យប៉ះពាល់ដល់ការងារ កម្មករ រាប់សិបម៉ឺននាក់ នេះជាអ្វីដែលខ្ញុំភ័យ ចឹងចិនជួយចិន ៦០០លានដុល្លា កុំថា៦០០០លានដុល្លា ហើយEU ដាក់សម្ពាធទណ្ឌកម្ម។ នោះយើងពិបាកហើយ នេះជាគំនិតរបស់ខ្ញុំគិតទេ ។ ខ្ញុំមិនចង់ឲ្យមាន បញ្ហានេះ កើតឡើងទេ តែរដ្ឋាភិបាល គួរគិតឲ្យបានសមស្រប ឆ្លើយតបនឹងសិទ្ឋមនុស្ស នៅលើពិភពលោក”។

ជាការឆ្លើយតប លោក ផៃ ស៊ីផាន លើកឡើងថា ចិនជាមិត្តល្អ និងជួយឲ្យកម្ពុជា ឈរលើខ្លួនឯង ពេលកម្ពុជាជួបការលំបាក។ កម្ពុជាត្រៀមរស់  ជាមួយ ស្ថានការណ៍ជាក់ស្តែង ក្រោមពីការគំរាមគំហែង។ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាមិនខ្លាច ចំពោះការគំរាមគំហែង ពីអឺរ៉ុប និងអាមេរិកទេ ព្រោះមហាអំណាច ទាំងនោះ បង្ខំយើងឲ្យដើរថយក្រោយ។ ជំនួយទាំងអស់នោះ ងាកទៅរកភាពក្រីក្រ និងធ្វើជាទាសកកម្ពុជា អត់ទទួលយក ហើយយើងត្រៀមលក្ខណៈ គ្រប់បែបយ៉ាង ដើម្បីរស់នៅក្នុងស្ថានភាព បែបនោះ។ លោកផៃ ស៊ីផានបញ្ជាក់ថា “ជំនួយឆ្លើយតប​ របស់ ប្រទេសចិន នៅពេលនេះ មិនមែនជាការផ្គើន គឺជាការ បង្ហាញឲ្យកម្ពុជា ជួយឈរលើខ្លួនឯង ស្ថិតនៅក្នុងឯករាជ្យ របស់ខ្លួន”។

កាលពីថ្ងៃទី៦កក្កដា ព្រឹទ្ធសមាជិកសភាអាមេរិក ក៏បានព្រមានពីការផ្តាច់ជំនួយពីកម្ពុជា ក្នុងទំហំទឹកប្រាក់ ជិត ៨០ លានដុល្លាអាមេរិក និងឈប់ធ្វើទុក្ខបុកម្នេញ មកលើបក្សប្រឆាំង និងសង្គមស៊ីវិល ។ ជាមួយគ្នានោះដែរ EU ក៏បានគំរាមផ្តាច់ជំនួយ ៤៦៥លានដុល្លារ ដែលត្រូវផ្ដល់ឲ្យកម្ពុជា រហូតដល់ឆ្នាំ២០២០។

(ប)កាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៦ សភាសហភាពអឺរ៉ុប ក៏មានសេចក្តីសម្រេច ផ្សេងមួយទៀត ដែលអនុម័ត នូវដីការដំណោះស្រាយ លេខ 2016/2753 (SRP) ស្តីពី ស្ថានភាពនយោបាយនៅកម្ពុជា។ តាមរយៈដីការនេះ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទំលាក់ចោលការចោទប្រកាន់ មន្រ្តីបក្សប្រឆាំង និងសង្គមស៊ីវិល។ កាលពីឆ្នាំ២០០៩ ដោយសារវិបត្តិនយោបាយ នៅកម្ពុជា អាមេរិកបានបញ្ឈប់ ផ្តល់រថយន្តយោធា ចំនួន២៧០ គ្រឿង មកឲ្យកម្ពុជា។ ជាឱកាសនោះ ភាគីចិន បានផ្តល់ជំនួយ ជារថយន្តចំនួន​ ២៧០គ្រឿង​ ឲ្យដល់កម្ពុជាវិញ។
នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ លើកទី៣២ កាលពីថ្ងៃទី១ កក្កដា ក៏បានសម្រេច ដាក់ប្រទេសកម្ពុជា ស្ថិតក្នុងការកត់សំគាល់ អវិជ្ជមាន ផងដែរ។

សូមបញ្ជាក់ថា បញ្ហានៅអឺរ៉ុបកំពុងជួយបញ្ហាធ្ងន់ធ្ងរ ទីមួយបញ្ហានៅចក្រភពអង់គ្លេស ជុំវិញការចាកចេញ សហភាពអឺរ៉ុប​ និងបញ្ហាភេរវកម្ម ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ ដូចនេះ ខ្មែរត្រូវស្រលាញ់ខ្មែរ កុំអាងបរទេសខ្លាំងពេក៕  

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ