ស្ថានទូត​អាមេរិក​ថា​រឿង​កម្ពុជា​ជំពាក់​បំណុល​អាមេរិក​ទាមទារ​ការ​ពិភាក្សា​បន្ថែម

ចុះផ្សាយថ្អៃទី 2017-01-23 14:30:10 | ដោយ 68 views

p1

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ថ្លែង​នៅ​ថ្ងៃ​ទី​២៣ មករា ថា រឿងរ៉ាវ​ពាក់ព័ន្ធ​កម្ពុជា ជំពាក់​បំណុល​សហរដ្ឋ​អាមេរិក តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​បន្ថែម​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ចូលរួម​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក លុប​បំណុល​ដល់​កម្ពុជា ដែល​អាមេរិក ផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ លន់ នល់ ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។

បញ្ហា​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋ​អាមេរិក តាំង​ពី​សម័យ​សាធារណរដ្ឋ​ខ្មែរ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ជា​បន្តបន្ទាប់​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ លោក ហ៊ុន សែន នៅ​តែ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក លុប​បំណុល​ដែល​សហរដ្ឋ​អាមេរិក បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​លោក លន់ នល់ ហើយ​ដែល​លោក ហ៊ុន សែន ថា​បាន​ក្លាយ​ជា​បន្ទុក​សម្រាប់​រដ្ឋាភិបាល​លោក​បច្ចុប្បន្ន។

ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អ្នក​នាំ​ពាក្យ​រង​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក ឌេវីដ ចូសារ (David Josar) បញ្ជាក់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​២៣ មករា ថា បញ្ហា​បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រធានបទ​ដែល​ត្រូវ​ពិភាក្សា​រយៈពេល​យូរ។ លោក​ថា បញ្ហា​នេះ សហរដ្ឋ​អាមេរិក ក៏​ចង់​ឃើញ​មាន​ដំណោះស្រាយ​ដែរ។ ទោះ​ជា​យ៉ាង​ណា លោក​ថា​បញ្ហា​នេះ ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​ជាមួយ​គ្នា​បន្ថែម​ទៀត មុន​អាច​ឲ្យ​បញ្ហា​បំណុល​នេះ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ។

ការ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក លុប​បំណុល​នេះ ដោយសារ​លោក ហ៊ុន សែន ចោទ​សហរដ្ឋ​អាមេរិក ចំៗ​ថា ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ ចេញ​ពី​អំណាច​កាល​ពី​ឆ្នាំ​១៩៧០។ លោក ហ៊ុន សែន ថ្លែង​ថា បើ​មិន​មាន​ការ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម សីហនុ នោះ​ទេ ពួក​ខ្មែរ​ក្រហម​ក៏​គ្មាន​ឱកាស​បាន​ឡើង​កាន់​អំណាច ហើយ​ឈាន​ដល់​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ជាច្រើន​ឆ្នាំ​បន្ទាប់​មក​នោះ​ដែរ។

ផ្ដើម​ចេញ​ពី​មូលហេតុ​ទាំងអស់​នេះ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ជាពិសេស​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ពិចារណា​លុប​ចោល​បំណុល​ដែល​អាមេរិក​ផ្តល់​ឲ្យ​របប​សាធារណរដ្ឋ​ខ្មែរ។ លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក ទទួល​ខុស​ត្រូវ​ផ្តល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​បម្រើ​ដល់​ការ​ដោះ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​នោះ។ លោក ហ៊ុន សែន ចាត់​ទុក​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ហោច​ណាស់​ផ្នែក​សីលធម៌​របស់​សហរដ្ឋ​អាមេរិក ចំពោះ​កម្ពុជា។

បំណុល​ដែល​កម្ពុជា ជំពាក់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​មក​ទល់​ពេល​នេះ គិត​ទាំង​ដើម​ទាំង​ចុង គឺ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ