សហគមន៍​បឹងកក់​ធ្វើ​យុទ្ធនាការ​បិទ​រូបថត​អ្នកស្រី ទេព វន្នី នៅ​តាម​ផ្ទះ​ក្នុង​តំបន់​បឹងកក់

ចុះផ្សាយថ្អៃទី 2017-01-23 14:30:10 | ដោយ 67 views

p1

សហគមន៍​ដីធ្លី​តំបន់​បឹងកក់ ប្រមាណ ៥០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា នាំ​គ្នា​យក​រូបថត​របស់​តំណាង​របស់​ពួក​គេ គឺ​អ្នកស្រី ទេព វន្នី បិទ​តាម​ផ្ទះ​ពលរដ្ឋ ដើម្បី​អំពាវនាវ​ឲ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​តំណាង​របស់​ពួក​គេ។

ការ​ធ្វើ​យុទ្ធនាការ គឺ​នៅ​មុន​ពេល​ដែល​តុលាការ​កំពូល គ្រោង​ប្រកាស​សាល​ដីកា​របស់​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។ គិត​មក​ទល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ គឺ ១៦០​ថ្ងៃ​គត់​ហើយ​ដែល​អ្នកស្រី ទេព វន្នី បាន​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ។

តំណាង​សហគមន៍​ដីធ្លី​តំបន់​បឹងកក់ លោកស្រី បូវ សោភា ថ្លែង​ថា ការ​យក​រូប​របស់​តំណាង​របស់​ពួក​គេ​បិទ​នៅ​តាម​ផ្ទះ​នេះ គឺ​ដើម្បី​រំឭក​គុណ​ដល់​អ្នកស្រី ទេព វន្នី ដែល​បាន​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ទាមទារ​រហូត​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី៖ «យុទ្ធនាការ​ថ្ងៃ​នេះ គឺ​យើង​ចង់​បញ្ជាក់​ថា យើង​មិន​ដែល​បំភ្លេច​អ្នកស្រី ទេព វន្នី ឬ​គុណ​បំណាច់​របស់​គាត់​ទេ ព្រោះ​ពួក​គាត់​គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ មាន​ប្លង់​កម្មសិទ្ធិ​យើង​នៅ​គ្រប់​គ្នា។ ចឹង! យើង​បិទ​រូប​តាម​ផ្ទះ​នេះ យើង​ចង់​បញ្ជាក់​ថា ពួក​យើង​នៅ​តែ​ត្រូវការ​គាត់។ ពួក​យើង​នៅ​តែ​គាំទ្រ​គាត់ ហើយ​ពួក​យើង​នៅ​តែ​ត្រូវការ​ឲ្យ​គាត់​មាន​សេរីភាព»

លោកស្រី បូវ សោភា ឲ្យ​ដឹង​ថា រូប​របស់​អ្នកស្រី ទេព វន្នី ប្រមាណ ៥០​សន្លឹក ត្រូវ​បាន​បិទ​នៅ​តាម​ជញ្ជាំង​ផ្ទះ​របស់​ពលរដ្ឋ។ លោកស្រី​បន្ថែម​ថា ដោយសារ​តែ​នៅ​មាន​ពលរដ្ឋ​ផ្សេង​ទៀត​សោកស្ដាយ ព្រោះ​មិន​ទាន់​បាន​បិទ​រូប​របស់​អ្នកស្រី ទេព វន្នី ដូច្នេះ​លោកស្រី​អះអាង​នឹង​ស្វះស្វែង​រក​ថវិកា​បន្ថែម​បោះពុម្ព​រូប​របស់​អ្នកស្រី ទេព វន្នី នៅ​លើ​ផ្ទាំង​ធំៗ​តែ​ម្តង ប្រសិន​បើ​មាន​លទ្ធភាព។

ក្រៅ​ពី​អំពាវនាវ​ឲ្យ​តុលាការ​កំពូល ដោះលែង​អ្នកស្រី ទេព វន្នី ក្រុម​ពលរដ្ឋ​តំបន់​បឹងកក់ ក៏​អំពាវនាវ​ដល់​តុលាការ ឲ្យ​ផ្តល់​យុត្តិធម៌​ដល់​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ព្រម​ទាំង​មន្ត្រី​សមាគម​អាដហុក (ADHOC) ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ