អ្នក​បុរីកីឡា​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៨​ទាមទារ​ដោះលែង​មនុស្ស​៦​នាក់

ចុះផ្សាយថ្អៃទី 2017-01-23 14:30:10 | ដោយ 63 views

p1

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​នៃ​សហគមន៍​បុរីកីឡា នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ប្រមាណ ២០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​បរិវេណ​អគារ​បុរីកីឡា បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៨ ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី គ..ប លោក នី ចរិយា និង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យ​មាន​សេរីភាព​វិញ។

ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនេះ សហគមន៍​បុរីកីឡា ក៏​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ឬ​តុលាការ បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្ដារ​ម៉ាត​កាល់តិច (Star Mart, Caltex) ដែល​ឃាតក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ ហើយ​ដៃ​ទាំង​ពីរ​កាន់​បដា​មាន​រូប​អ្នកស្រី ទេព វន្នី ព្រម​ទាំង​សរសេរ​ថា ដោះលែង​អ្នកស្រី ទេព វន្នី នោះ គឺ​តំណាង​សហគមន៍​បុរីកីឡា លោកស្រី សរ ស៊ន ប្រាប់​អាស៊ីសេរី ថា បើ​តុលាការ​មាន​ភាព​ឯករាជ្យ​នោះ លោកស្រី​មាន​សង្ឃឹម​ថា សកម្មជន​ដីធ្លី មន្ត្រី​សិទ្ធិ​មនុស្ស លោក​បណ្ឌិត កែម ឡី នឹង​ទទួល​បាន​យុត្តិធម៌។ ផ្ទុយ​ទៅ​វិញ បើ​តុលាការ​មិន​មាន​ភាព​ឯករាជ្យ​ទេ នោះ​ពន្លឺ​នៃ​យុត្តិធម៌​ហាក់​នៅ​ឆ្ងាយ៖ «ដោយសារ​តែ​ពួក​គាត់​អត់​មាន​កំហុស​អី​ហ្នឹង​ហើយ ទើប​មីង​បន្ត​ទាមទារ​រហូត។ ពួក​គាត់​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប អ្នកស្រី ទេព វន្នី សុទ្ធតែ​ជា​មនុស្ស​ល្អ ស្មោះ​ត្រង់ គ្មាន​កំហុស​អ្វី​សោះ បែរ​ទៅ​ជា​ចាប់​ពួក​គាត់។ ចំណែក​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មាន​លុយ​រាប់​ម៉ឺន​រាប់​លាន​ដុល្លារ បែរ​ជា​រួច​ខ្លួន។ មក​ពី​តុលាការ​បម្រើ​ឲ្យ​បុគ្គល តុលាការ​មិន​បម្រើ​រាស្ត្រ គឺ​បម្រើ​ឲ្យ​បក្ស។ បើ​សិន​តុលាការ​បម្រើ​រាស្ត្រ ធ្វើ​ការ​តាម​ឆន្ទៈ​របស់​ខ្លួន​នោះ គឺ​អាច​រក​ឃើញ​យុត្តិធម៌​ហើយ មន្ត្រី​សង្គម​ស៊ីវិល (ADHOC) ក៏​ត្រូវ​រួច​ខ្លួន​ពី​ពន្ធនាគារ​ដែរ»

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៣៨ នេះ មិន​មាន​កង​កម្លាំង ឬ​អាជ្ញាធរ​មក​រារាំង​នោះ​ឡើយ ប៉ុន្តែ​ឃើញ​មនុស្ស​ស្លៀក​សម្លៀកបំពាក់​ស៊ីវិល​ចាំ​ឃ្លាំ​មើល​ពួក​គាត់។ យុទ្ធនាការ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈពេល​ជិត​មួយ​ម៉ោង។ ក្រុម​ពលរដ្ឋ​ទាំងនោះ​បាន​បំបែក​គ្នា​ត្រឡប់​ទៅ​កាន់​លំនៅឋាន​រៀងៗ​ខ្លួន។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដីធ្លី​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ដោយ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) នៃ​សហគមន៍​បុរីកីឡា អះអាង​ថា ពួក​គាត់​នឹង​បន្ត​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ លុះ​ណា​តែ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី គ..ប និង​បណ្ឌិត កែម ឡី ឲ្យ​ទាល់​តែ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ