សេចក្ដី​ស្នើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មការ​នីតិកម្ម​រដ្ឋសភា

ចុះផ្សាយថ្អៃទី 2017-01-23 14:30:09 | ដោយ 41 views

p1

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ មករា ក្រោយ​ពី​បើក​កិច្ច​ប្រជុំ បាន​សម្រេច​បញ្ជូន​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី () នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ទៅ​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​ពិភាក្សា។ ការ​បញ្ជូន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​នឹង​ស្នើ​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង លុប​ចោល​ប្រធាន​ក្រុម​ភាគតិច និង​ភាគច្រើន​នៅ​ក្នុង​សភា​វិញ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៣ មករា ថា គណៈកម្មាធិការ​នេះ​បាន​បញ្ជូន​សេចក្ដី​ស្នើ​វិសោធនកម្ម​ជំពូក​ទី​១២ ប្រការ ៤៨​ថ្មី () នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ទៅ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ និង​ពិភាក្សា​ហើយ ហើយ​ឲ្យ​ធ្វើ​របាយការណ៍​ត្រឡប់​មក​វិញ។

អ្នក​នាំ​ពាក្យ​នៃ​លេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​បន្ថែម​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ចាត់ការ​លើ​សេចក្ដី​ស្នើ​ធ្វើ​វិសោធនកម្ម​នេះ​តាម​យោបល់​របស់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌៖ «»

កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ មករា ក៏​មាន​សមាជិក​ជា​តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ដែរ គឺ​លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ដែរ ប៉ុន្តែ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ មករា ដើម្បី​សួរ​បន្ថែម​អំពី​ករណី​នេះ។ រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​អាច​អធិប្បាយ​ទាក់ទង​បញ្ហា​នេះ​បាន​ទេ ព្រោះ​លោក​ជាប់​បេសកកម្ម​ទៅ​ខេត្ត។

ខណៈ​ដែល​សភា​កំពុង​ដំណើរ​ការ​រំលាយ​តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា ថ្ងៃ​ដដែល​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ទើប​ទទួល​បាន​តួនាទី​ជា​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ នោះ បាន​ចេញ​ទៅ​ខេត្ត​កំពត។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា លោក កឹម សុខា ចេញ​ទៅ​ខេត្ត​កំពត នេះ ជា​ការ​ជួប​ពង្រឹង​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «»

កាល​ពី​ថ្ងៃ​ទី​១៦ មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​ចង់​រំលាយ​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​នៅ​ក្នុង​សភា​ចោល​វិញ ដោយ​ធ្វើ​វិសោធនកម្ម​លើ​ប្រការ ៤៨​ថ្មី កថាខណ្ឌ​ទី​៣ នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដើម្បី​កុំ​ឲ្យ​ពិបាក​រៀបចំ​របៀបវារៈ​នៃ​កិច្ច​ប្រជុំ។

លោក​នាយក​រដ្ឋមន្ត្រី ធ្លាប់​ថ្លែង​ប្រាប់​សារព័ត៌មាន ហ្វ្រេស​ញូវ (Fresh News) លើ​គេហទំព័រ​ថា ក្រុម​ភាគតិច​ភាគច្រើន​នេះ ពិបាក​ក្នុង​ការ​ធ្វើ​ការ ហើយ​ប៉ុនប៉ង​ចរចា​ដោះលែង​អ្នក​ទោស​ដែល​បំពាន​អំណាច​តុលាការ។

តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​កិច្ច​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​មាន​ដៃគូ​សន្ទនា​នៅ​ពេល​នោះ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី។ ប៉ុន្តែ​មក​ដល់​ចុង​ឆ្នាំ​២០១៦ សភា​បាន​បោះឆ្នោត​អនុម័ត​ប្ដូរ​តួនាទី​នេះ​មក​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​ជា​ដៃគូ​សន្ទនា​ជាមួយ​លោក ហ៊ុន សែន ឬ​លោក ស ខេង វិញ ដោយសារ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋាភិបាល​និរទេស​ខ្លួន​មិន​ឲ្យ​ចូល​ស្រុក។

សេចក្ដី​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ប្រការ ៤៨​ថ្មី () នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​សភា ៥៥​រូប​ក្នុង​នីតិកាល​ទី​៥។

ទោះ​ជា​យ៉ាង​ណា​ក្ដី សេចក្ដី​សម្រេច​ថា តើ​ត្រូវ​ដាក់​សេចក្ដី​ស្នើ​ធ្វើ​វិសោធនកម្ម​នេះ​ជា​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ ដើម្បី​រំលាយ​តួនាទី​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគតិច និង​ភាគច្រើន​នៅ​ក្នុង​សភា​ចោល​វិញ ឬ​យ៉ាង​ណា​នោះ គឺ​ត្រូវ​រង់ចាំ​រហូត​មាន​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ជំនាញ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បញ្ជូន​យោបល់​ត្រឡប់​មក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ