សហគមន៍​ទំនាស់​ដីធ្លី​តវ៉ា​និង​ស្នាក់​នៅ​មុខ​តុលាការ​ខេត្ត​សៀមរាប​ទាមទារ​ដោះលែង​តំណាង

ចុះផ្សាយថ្អៃទី 2017-01-23 13:00:14 | ដោយ 87 views

p1

សហគមន៍​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​បន្ទាយស្រី និង​ស្រុក​ស្វាយលើ កំពុង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប ដោះលែង​តំណាង​សហគមន៍​ដីធ្លី​ម្នាក់​នៅ​ចំបក់​បី​ដើម ដែល​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​រយៈពេល ៤​ថ្ងៃ​មក​ហើយ។

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ចោទ​ប្រកាន់​ថា តុលាការ​ខេត្ត​សៀមរាប ដែល​ចាប់​ខ្លួន​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ចំបក់​បី​ដើម គឺ​ជា​ការ​គំរាម​កំហែង ព្រម​ទាំង​គាប​សង្កត់​ទៅ​លើ​អ្នក​តស៊ូ​មតិ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ប្រជាពលរដ្ឋ​ចំនួន​ជាង ៦០​នាក់​មក​ពី​ឃុំ​ត្បែង នៃ​ស្រុក​បន្ទាយស្រី និង​ភូមិ​រលំទូក នៃ​ស្រុក​ស្វាយលើ បាន​នាំ​គ្នា​ស្នាក់​នៅ​មុខ​តុលាការ​ខេត្ត​សៀមរាប ដោយ​មាន​ទាំង​ស្បៀង​អាហារ ព្រម​ទាំង​ចង្ក្រាន ចាន ឆ្នាំង មក​ជាមួយ​ផង។

ពួក​គេ​មាន​គម្រោង​ស្នាក់​នៅ​ជាច្រើន​ថ្ងៃ ដើម្បី​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​តំណាង​សហគមន៍​ដីធ្លី​តំបន់​ចំបក់​បី​ដើម ឈ្មោះ​លោក ចាន់ រិទ្ធ ដែល​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​រយៈពេល ៤​ថ្ងៃ​មក​ហើយ​នោះ។

ភរិយា​របស់​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ចំបក់​បី​ដើម គឺ​លោកស្រី ឃី ភារម្យ។ លោកស្រី​មាន​ប្រសាសន៍​ក្រោយ​ពី​ចូល​ជួប​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​មករា ថា តុលាការ​បាន​ចោទ​ប្រកាន់​ប្ដី​របស់​លោកស្រី​ពី​បទ​ឆបោក ក្នុង​រឿង​លក់​ដីធ្លី​ទៅ​ឲ្យ​ឈ្មួញ។ លោកស្រី​បាន​បដិសេធ​ចំពោះ​រឿង​នេះ ហើយ​ថា​ប្ដី​របស់​គាត់​មិន​ដែល​ឆបោក​នរណា​ម្នាក់ ក្នុង​រឿង​លក់​ដីធ្លី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោកស្រី ឃី ភារម្យ យល់​ថា ការ​ចាប់​ខ្លួន​ប្ដី​របស់​គាត់​នេះ អាច​ជា​ការ​គំរាម​កំហែង​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដីធ្លី ហើយ​លោកស្រី​ទាមទារ​ឲ្យ​តុលាការ​ត្រូវ​តែ​ដោះលែង​មក​វិញ៖ «មាន​មេដៃ​មេ​អី​របស់​គាត់​ក្នុង​កិច្ចសន្យា​លក់​ដីធ្លី​ហ្នឹង ដោយសារ​តែ​គាត់​ជា​តំណាង​សហគមន៍​ផ្ដិត​លើ​ពាក្យ​បណ្ដឹង​តវ៉ា​ផ្សេងៗ។ ការ​ចាប់​ខ្លួន​ប្ដី​របស់​ខ្ញុំ​នេះ ខ្ញុំ​យល់​ថា​គឺ​ជា​ការ​បំភិតបំភ័យ​ទៅ​លើ​អ្នក​តវ៉ា​ដីធ្លី ដូច​គេ​ថា​អារ​ក​ស្វា ១ ដើម្បី​គំរាម​ដល់​ស្វា ១.០០០​ទេ​ដឹង

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ចំបក់​បី​ដើម លោក ចាន់ រិទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

ទោះ​បី​ជា​យ៉ាង​ណា តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​នេះ លោក កើត សុវណ្ណារ៉េត បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​តំណាង​សហគមន៍​ទំនាស់​ដីធ្លី លោក ចាន់ រិទ្ធ នោះ​យ៉ាង​ណា​ឡើយ។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង ឲ្យ​ដឹង​ថា ករណី​ចាប់​ខ្លួន​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ចំបក់​បី​ដើម​នៅ​ស្រុក​បន្ទាយស្រី គឺ​ជា​រឿង​ឆបោក​លុយ​ពី​អ្នក​ទិញ​ដី​សុទ្ធសាធ មិន​មែន​ជា​រឿង​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​រឿង​ដីធ្លី​ទេ។ លោក យិន ស្រាង បញ្ជាក់​ថា តំណាង​សហគមន៍​ចំបក់​បី​ដើម លោក ចាន់ រិទ្ធ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ពី​អ្នក​ទិញ​ដី​ម្នាក់ ដែល​លោក​សុំ​មិន​ប្រាប់​ឈ្មោះ ចំនួន​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​គ្មាន​ដី​ឲ្យ​គេ៖ «រឿង​នេះ​ដោះស្រាយ​យូរ​ហើយ គេ​ហៅ​ឲ្យ​គាត់​ចូល​ខ្លួន​មក​ដោះស្រាយ គាត់​មិន​ទាំង​ចូល​ដោះស្រាយ​ផង»

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ចៅ ល័ក្ខវណ្ណា ដែល​តាម​ស្រាវជ្រាវ​ករណី​នេះ រក​ឃើញ​ថា ថ្វីត្បិតតែ​លោក ចាន់ រិទ្ធ ជា​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​មែន ប៉ុន្តែ​ករណី​ចាប់​ខ្លួន គឺ​ស្ថិត​នៅ​លើ​រឿង​ផ្ទាល់​ខ្លួន ច្រើន​ជាង​រឿង​តវ៉ា​សម្រាប់​ប្រយោជន៍​សហគមន៍។ លោក ចៅ ល័ក្ខវណ្ណា បញ្ជាក់​ថា អង្គការ​របស់​លោក​កំពុង​សិក្សា និង​ស្រាវជ្រាវ​ឲ្យ​ស៊ី​ជម្រៅ​ក្នុង​រឿង​នេះ ដើម្បី​ពិចារណា​ទៅ​លើ​បញ្ហា​ដែល​ថា តើ​គួរ​ផ្ដល់​មេធាវី​ការពារ ឬ​ក៏​មិន​ផ្ដល់?«យើង​គ្រាន់​តែ​មក​ឃ្លាំ​មើល​ប្រជាពលរដ្ឋ​ដែល​គាត់​ឡើង​មក​ទាមទារ និង​តវ៉ា​នៅ​ថ្ងៃ​នេះ។ តាម​ពិត​ទៅ រឿង​នេះ​តុលាការ​បាន​ចាត់ការ​ទៅ​តាម​ដើម​បណ្ដឹង​ដែល​បាន​ប្ដឹង»

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា រឿង​របស់​តំណាង​សហគមន៍​ដីធ្លី​ចំបក់​បី​ដើម​នោះ គឺ​មាន​បណ្ដឹង​ចោទ​ប្រកាន់​រឿង​ឆបោក​លុយ​ពី​អ្នក​ទិញ​ដី​តាំង​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៦ ម្ល៉េះ។

ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ធ្លាប់​បាន​អញ្ជើញ​តំណាង​សហគមន៍​ទំនាស់​ដីធ្លី លោក ចាន់ រិទ្ធ ឲ្យ​ចូល​ខ្លួន​ទៅ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ប៉ុន្តែ​ត្រូវ​បាន​លោក​បដិសេធ ហើយ​កាល​ពី​វេលា​ម៉ោង ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ពេល​ដែល​លោក​កំពុង​ដេក​លក់​នៅ​ក្នុង​ផ្ទះ គឺ​មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​មិន​ស្គាល់​មុខ បាន​លួច​ចូល​ទៅ​បាញ់​រះ​ប៉ុនប៉ង​សម្លាប់ ធ្វើ​ឲ្យ​លោក ចាន់ រិទ្ធ ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព ហើយ​ក៏​គេច​ខ្លួន​ចេញ​ពី​ផ្ទះ​រហូត​មក។

ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​ចំបក់​បី​ដើម​រយៈពេល ៤​ថ្ងៃ​មក ក្រុម​សហគមន៍​នៅ​តែ​បន្ត​ស្នាក់​នៅ​មុខ​តុលាការ ដោយ​មិន​មាន​អាជ្ញាធរ​ណា​ទៅ​ដេញ​ពួក​គេ​ឲ្យ​ចាកចេញ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ