អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ថា​រក​មិន​ឃើញ​ករណី​វៀតណាម​ជួល​ដី​ខ្មែរ​ជាង​១​ពាន់​ហិកតារ​ទេ

ចុះផ្សាយថ្អៃទី 2017-01-23 13:00:13 | ដោយ 69 views

p1

គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ព្រំដែន​ខេត្ត​ស្វាយរៀង អះអាង​ថា គណៈកម្មការ​រក​មិន​ឃើញ​មាន​ករណី​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម នោះ​ទេ បន្ទាប់​ពី​ចុះ​ស្រាវជ្រាវ​ជា​បឋម​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។ ការ​ចុះ​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​ថា​អ្នក​មាន​អំណាច​នៅ​ខេត្ត​ស្វាយរៀង ជួល​ដី​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​ចន្ទ្រា ឲ្យ​ជនជាតិ​វៀតណាម ជាង ១​ពាន់​ហិកតារ។

ករណី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង អះអាង​ថា​ពួក​គេ​រក​ពុំ​ឃើញ​ថា​វៀតណាម ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​ជាច្រើន​ហិកតារ​នោះ មិន​មែន​ជា​លើក​ទី​១ បើ​ទោះ​បី​ជា​ប្រជាជន និង​មន្ត្រី​បក្ស​ប្រឆាំង​រាយការណ៍​ថា ករណី​ជួល​ដី​នេះ គឺ​ជា​រឿង​ពិត​ប្រាកដ​យ៉ាង​ណា​ក្តី។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ ដែល​បាន​ដឹកនាំ​គណៈកម្មការ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់ អំពី​ការ​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម នៅ​ក្នុង​ឃុំ​ទួលស្ដី និង​ឃុំ​ចន្ទ្រា ក្នុង​ស្រុក​ចន្ទ្រា នោះ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​ពេញ​មួយ​ថ្ងៃ​មក គណៈកម្មការ​រក​មិន​ឃើញ​ថា​មាន​អ្នក​មាន​អំណាច ឬ​អ្នក​ណា​ម្នាក់​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម នោះ​ទេ។ លោក​បញ្ជាក់​ថា ពេល​ចុះ​ទៅ​ដល់​ទីនោះ ឃើញ​សុទ្ធតែ​ពលរដ្ឋ​ខ្មែរ ហើយ​ត្រាក់ទ័រ​ដែល​នៅ​ទីនោះ​ក៏​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ដែរ៖ «»

ការ​ចុះ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នេះ គឺ​បន្ទាប់​ពី​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ស្នើសុំ​អភិបាល​ខេត្ត​ស្វាយរៀង ចុះ​អន្តរាគមន៍​លើ​ករណី​ប្រជាពលរដ្ឋ​វៀតណាម បាន​ដាំ​ដំណាំ​ស្រូវ​ជាប់​បង្គោល​ព្រំដែន​លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ដូនទៃ ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់ និង​តម្រូវ​ឲ្យ​ដាំ​ស្រូវ​ឃ្លាត​ពី​បង្គោល​ចម្ងាយ ៥០​ម៉ែត្រ។ ពាក្យ​បណ្ដឹង​ដដែល​នោះ​បង្ហាញ​ទៀត​ថា អ្នក​មាន​អំណាច​ខេត្ត​ស្វាយរៀង បាន​ជួល​ដី​ឲ្យ​វៀតណាម សរុប​ប្រមាណ ១.០៤៧​ហិកតារ ក្នុង​នោះ​នៅ​ភូមិ​កោះឫស្សី ឃុំ​ទួលស្ដី ចំនួន ៥៦០​ហិកតារ។ រីឯ​ភូមិ​គោកតែក ចំនួន ២៤៧​ហិកតារ និង​ភូមិ​តែងម៉ៅ ២៤០​ហិកតារ ស្ថិត​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។

អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ លោក​បញ្ជាក់​ដែរ​ថា ចំពោះ​ករណី​វៀតណាម ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន​បាន រីឯ​ខ្មែរ​ធ្វើ​មិន​បាន​នោះ គឺ​យោង​ទៅ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ ដែល​ត្រូវ​រក្សា​ស្ថានភាព​ដើម មាន​ន័យ​ថា អ្នក​ណា​ធ្វើ​នៅ​កន្លែង​ណា​តាំង​ពី​មុន​ឆ្នាំ​១៩៩៥ ត្រូវ​ធ្វើ​កន្លែង​នោះ​សិន ដើម្បី​រង់ចាំ​បោះ​បង្គោល​ព្រំដែន និង​ប្រគល់​ដី​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ៖ «»

ឆ្លើយតប​បញ្ហា​នេះ សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ នៅ​តែ​មិន​ទាន់​ជឿ​លើ​របាយការណ៍​បឋម​របស់​អភិបាល​រង​ខេត្ត​ឡើយ។ លោក​បញ្ជាក់​ថា យោង​តាម​ប្រជាពលរដ្ឋ និង​ក្រុមប្រឹក្សា​ឃុំ ព្រម​ទាំង​ខ្លួន​លោក​ដែល​ចុះ​ទៅ​ដល់​ទីនោះ​ផ្ទាល់ គឺ​រក​ឃើញ​ថា វៀតណាម ពិត​ជា​ជួល​ដី​ខ្មែរ​ពិត​ប្រាកដ៖ «»

លោក គង់ ម៉ាស់ បញ្ជាក់​ដែរ​ថា ក្រុម​ការងារ​របស់​លោក​យល់ព្រម​ចូលរួម​ប្រជុំ​ជជែក​ពិភាក្សា​គ្នា​បន្ថែម​ជាមួយ​អភិបាល​រង​ខេត្ត​នៅ​ម៉ោង ២​រសៀល ថ្ងៃ​ទី​២៤ ខែ​មករា តាម​ការ​អញ្ជើញ​នោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ដែល​ឧស្សាហ៍​ចុះ​ស្រាវជ្រាវ​តាម​ព្រំដែន​នោះ មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រាយការណ៍​ប្រាប់​លោក​អំពី​ករណី​ជួល​ដី​នេះ ថា​មាន​ការ​កើន​ឡើង។ លោក​ជឿ​ថា ការ​រក​ឃើញ ឬ​មិន​ឃើញ​អំពី​ករណី​ជួល​ដី​នោះ គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​អាជ្ញាធរ៖ «»

ចំពោះ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ នោះ ទាំង​មន្ត្រី​បក្ស​ប្រឆាំង និង​លោក​បណ្ឌិត មាស នី យល់​ថា កម្ពុជា ចាញ់​ប្រៀប​វៀតណាម ដែល​វៀតណាម អាច​ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន​បាន​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន។ ចំណែក​ពលរដ្ឋ​ខ្មែរ មិន​អាច​ធ្វើ​ស្រែ​ជាប់​បង្គោល​ព្រំដែន ឬ​តំបន់​ស​ដូច​វៀតណាម បាន​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ