ឯកអគ្គរដ្ឋទូត​អាមេរិក​ថា​លោក ជា វិជ្ជា ជា​សំឡេង​ដ៏​ពិត​ប្រាកដ​របស់​កម្មករ​កម្មការិនី

ចុះផ្សាយថ្អៃទី 2017-01-23 13:00:13 | ដោយ 81 views

p1

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត៍ (William Heidt) ថ្លែង​ថា លោក​តែង​នឹក​គិត​ទៅ​ដល់​លោក ជា វិជ្ជា តាំង​ពី​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា រូប​នេះ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

លោក វីល្លៀម ហៃដ្ត៍ សរសេរ​រម្លឹក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ មករា ថា លោក​បាន​ស្គាល់​លោក ជា វិជ្ជា យ៉ាង​ច្បាស់​នៅ​ពេល​លោក​ធ្វើ​ការ​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​១៩៩៩។ លោក​ថា ពេល​នោះ​លោក គឺ​ជា​មន្ត្រី​ទទួល​បន្ទុក​បញ្ហា​ការងារ និង​សេដ្ឋកិច្ច ដោយសារ​លោក ជា វិជ្ជា ជា​ប្រធាន​សហជីព​កម្មករ ទើប​លោក​ទាំង​ពីរ​បាន​ជួប​គ្នា​ជា​ញឹកញាប់ ដើម្បី​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​សហជីព​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក រូប​នេះ​ថា លោក​តែង​ជឿ​ថា លោក ជា វិជ្ជា គឺ​ជា​សំឡេង​ដ៏​ពិត​ប្រាកដ​របស់​កម្មករ​កម្មការិនី​កម្ពុជា។ លោក​ថ្លែង​ដែរ​ថា លោក​មាន​ចិត្ត​រីករាយ​ដោយ​ស្ថានភាព​នៃ​កម្មករ​កាត់​ដេរ​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​ច្រើន​តាំង​ពី​ទសវត្សរ៍​១៩៩០ មក ដោយសារ​ការ​ខិតខំ​របស់​រដ្ឋាភិបាល ម្ចាស់​រោងចក្រ និង​ការ​ខិតខំ​របស់​ពលរដ្ឋ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដូច​លោក ជា វិជ្ជា។

លោក វីល្លៀម ហៃដ្ត៍ ថ្លែង​បន្ត​ថា លោក​មាន​សេចក្តី​ក្រៀមក្រំ​ជា​ខ្លាំង​នៅ​ពេល​ឮ​ថា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ឆ្នាំ​២០០៤ ហើយ​លោក​សូម​បន់ស្រន់​ឲ្យ​លោក ជា វិជ្ជា និង​គ្រួសារ​មាន​សន្តិភាព ជា​សះស្បើយ និង​ទទួល​បាន​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ