ពលរដ្ឋ​ថា​អាជ្ញាធរ​បរាជ័យ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹង​ស្នេហ៍​ខេត្ត​ព្រៃវែង

ចុះផ្សាយថ្អៃទី 2017-01-23 11:30:12 | ដោយ 82 views

p1

បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ស្នេហ៍ ប៉ែក​ខាង​ត្បូង​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ និង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង កំពុង​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក ដោយ​ពលរដ្ឋ​ថា​ពុំ​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​នោះ​ឡើយ។ សង្គម​ស៊ីវិល និង​ពលរដ្ឋ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង បញ្ចេញ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ដូច​ភ្លៀង​រលឹម។

«សំឡេង​ទូក»

នេះ​គឺ​ជា​សំឡេង​ទូក​ម៉ាស៊ីន​ដែល​យើង​ធ្វើ​ដំណើរ​ទៅ​មើល​បទល្មើស​នេសាទ។ សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ទិដ្ឋភាព​នេសាទ​ខុស​ច្បាប់​ទាំងនោះ មាន​បង្គោល​ឫស្សី​ខ្ពស់​ទាប​នៅ​លើ​ផ្ទៃ​ទឹក ដែល​ហ៊ុមព័ទ្ធ​ដោយ​ស្បៃ​មុង​ដែល​មាន​ក្រឡា​យ៉ាង​ល្អិត ត្រូវ​គេ​រាយ​បណ្ដាក់​ជា​ជួរៗ​កាត់​មុខ​ទឹក​យ៉ាង​ស្អេកស្កះ ស្ទើរ​រក​ផ្លូវ​ទឹក​ដើម្បី​ចែវ ឬ​អុំ​ទូក​មិន​រួច​ផង។

បុគ្គលិក​អង្គការ​នារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អនាម័យ ឬ​ហៅ​ថា​អង្គការ Women និង​ជា​អនុប្រធាន​សហគមន៍​នេសាទ​តំបន់​បឹង​ស្នេហ៍ លោក ស សាវន។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ជំនាញ​របស់​រដ្ឋាភិបាល នៅ​តែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​នេសាទ​បន្ត​ដុះ​ស្លែ​ដូចនេះ​ទៀត នោះ​មនុស្ស​ជំនាន់​ក្រោយ​នឹង​លែង​ស្គាល់​ត្រី​ធម្មជាតិ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា ប្រជា​នេសាទ​នៅ​តំបន់​នេះ គឺ​ពុំ​ដែល​បាន​គិត​ពី​រដូវ​ហាមឃាត់ ឬ​រដូវ​បើក​នេសាទ​នោះ​ឡើយ៖ «បើ​នៅ​តែ​ដាក់​ចឹង​ទៀត អស់​ហើយ​ត្រី​នៅ​តំបន់​បឹង​ស្នេហ៍​នោះ គឺ​រក​លែង​បាន។ ឥឡូវ​នេះ​មាន​តែ​សំណូមពរ​ឲ្យ​ថ្នាក់​ដឹកនាំ ជាពិសេស​បង​ជំនាញ​ជលផល សូម​ឲ្យ​គាត់​ចុះ​មើល​ផ្ទាល់ ហើយ​អន្តរាគមន៍​កុំ​ឲ្យ​មាន​ស្បៃ​មុង ឬ​សៃយ៉ឺន​ផង»

អង្គការ Women បាន​ចាប់​ផ្ដើម​គម្រោង​អភិរក្ស​ផ្ទៃ​បឹង​ស្នេហ៍​ដែល​មាន​ទំហំ ៥​ពាន់​ហិកតារ ចាប់​តាំង​ពី​ឆ្នាំ​២០១១ ហើយ​បាន​បន្ត​ពង្រីក​គម្រោង​អភិរក្ស​នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ឬ​ខ្សាច់​ស​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ប៉ុន្តែ​បុគ្គលិក​អង្គការ Women ថា​រហូត​មក​ដល់​ពេល​នេះ ការ​អភិរក្ស​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ពុំ​ទាន់​ទទួល​បាន​ជោគជ័យ​ឡើយ ដោយសារ​ខ្វះ​កិច្ច​សហការ​ពី​ខាង​អាជ្ញាធរ​មូលដ្ឋាន។

សៃយ៉ឺន ឬ​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​លើ​ផ្ទៃ​បឹង​នៅ​ចំណុច​បឹង​ខ្សាច់​ស ឬ​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ចន្លោះ​ភូមិ​ទីតាង៉ើយ ក្នុង​ឃុំ​រោងដំរី និង​ភូមិ​ខ្សាច់ស ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Tha Kitya RFA/Tha Kitya

លោក ទី ផន អ្នក​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​ស្ត្រី​ប្រចាំ​នៅ​ខេត្ត​ព្រៃវែង លើក​ឡើង​ថា អាជ្ញាធរ​បាន​ដឹង​ដែរ​អំពី​បទល្មើស​នេសាទ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ប៉ុន្តែ​ហាក់​មិន​ចាប់​អារម្មណ៍​ចូលរួម​ទប់ស្កាត់​ឡើយ៖ «យើង​មើល​ដូច​អត់​ឃើញ​មាន​សកម្មភាព​បង្ក្រាប​អី​ទៅ​តាម​ច្បាប់​ជលផល​អី​កើត​ផង ព្រោះ​បើ​តាម​ច្បាប់​ជលផល គឺ​ឲ្យ​ដាក់​រក​ត្រី​មួយ​ភាគ​បី​នៃ​ផ្ទៃ​ទឹក តែ​បើ​ដាក់​នៅ​ទីនេះ គឺ​បឹង​ប្រវែង​ប៉ុន្មាន ដាក់​ស្បៃ​មុង​ប្រវែង​ហ្នុង​ដែរ គឺ​កាត់​ទទឹង​បឹង​តែ​ម្តង។ ដាក់​នេះ យើង​ឃើញ​ខួប​ប្រាំង​ខួប​វស្សា​តែ​ម្តង ដូច្នេះ​ត្រី​មិន​អាច​កើត​ទៀត​ទេ»

លោក ទី ផន បញ្ជាក់​ថា កន្លង​ទៅ ពេល​លោក​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​នេសាទ​ខុស​ច្បាប់​ម្តងៗ​នៅ​តំបន់​បឹង​ស្នេហ៍​នោះ គឺ​មាន​តែ​ទាហាន​ម្នាក់​ពីរ​នាក់​ប៉ុណ្ណោះ​ចូលរួម ដូច្នេះ​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់​ឡើយ បណ្ដាល​ឲ្យ​ពួក​លោក​ជួប​ការ​លំបាក​ច្រើន ដោយសារ​ប្រជា​នេសាទ​ពុំ​ខ្លាចរអា ហើយ​ថែម​ទាំង​ឡោមព័ទ្ធ​ទូក​របស់​លោក​ទៀត​ផង ដោយ​ម្នាក់ៗ​បិទ​មុខ និង​មាន​អ្នក​បញ្ជា​ត្រឹមត្រូវ។ ប្រជា​នេសាទ​ខុស​ច្បាប់​ទាំងនោះ ប្រហែល​ជា​គិត​ថា ពួក​លោក​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​ឡើយ ពោល​គឺ​មាន​តែ​ខាង​ជំនាញ​ជលផល​មួយ​ប៉ុណ្ណោះ៖ «ពេល​ចុះ​ល្បាត​ម្តងៗ​យើង​ជួប​ហានិភ័យ​ណាស់ ព្រោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ គេ​ថា​យើង​ទៅ​បំផ្លាញ​របស់​គេ​ហើយ ដូច្នេះ​គេ​មក​ព័ទ្ធ​យើង​តែ​ម្តង»

ប្រជា​នេសាទ​ម្នាក់​ដែល​បាន​សង់​ខ្ទម​ជាប់​មាត់​បឹង ដើម្បី​ធ្វើ​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​នោះ​លើក​ឡើង​ថា ធនធាន​ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ការ​ដាក់​ពង្រាយ​ស្បៃ​មុង​ខុស​ច្បាប់​ច្រើន​ឥត​គណនា នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង​នោះ។ លោក​អះអាង​ថា មិន​ដែល​ឃើញ​អាជ្ញាធរ​ជំនាញ​ចុះ​ទៅ​បង្ក្រាប​ដល់​ទីនោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា អាជ្ញាធរ​ទទួល​សំណូក​ពី​ប្រជា​នេសាទ​ណា​ម្នាក់​ដែរ៖ «ពី​មុន​មក​រក​បាន ៤ ទៅ ៥​គីឡូ​ដែរ ក្នុង​រយៈពេល ១​យប់ ១​ថ្ងៃ តែ​ឥឡូវ​បាន​តែ ១​គីឡូ ឬ​ជាង ១​គីឡូ។ ដើម្បី​រក​បាន​វិញ ទាល់​តែ​បិទ​កុំ​ឲ្យ​មាន​ស្បៃ​មុង»

មេ​បញ្ជាការ​រង​ក្រុង​ព្រៃវែង លោក នួន សារ៉េត ដែល​ទទួល​បន្ទុក​សហការ​ជាមួយ​ក្រុម​អភិរក្ស​តំបន់​បឹង​ស្នេហ៍ មាន​ប្រសាសន៍​ថា ខាង​លោក និង​អង្គការ Women បាន​រួម​គ្នា​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ស្នេហ៍​បឹង​ខាង​ជើង ទទួល​បាន​ជោគជ័យ តែ​លោក​សោកស្ដាយ​ដែល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង ព្រោះ​ថា​អាជ្ញាធរ​ដែនដី​មិន​សូវ​ចូលរួម៖ «គាត់​សហការ​ដែរ ប៉ុន្តែ​សហការ​មិន​រលូន ពោល​គឺ​មាន​ការ​រអាក់រអួល​ច្រើន។ នេះ​ហើយ​ជា​ផល​លំបាក។ ក្នុង​នាម​ខ្ញុំ​មក​ពី​ខាង​ខេត្ត​គ្រាន់​តែ​សំណូមពរ​ថា អាជ្ញាធរ​ដែនដី​នេះ​មេត្តា​ចូលរួម​សហការ​ជាមួយ​អភិរក្ស ឬ​ជាមួយ​សហគមន៍ ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ»

លោក ទី ផន បញ្ជាក់​ថា ដើម្បី​ឲ្យ​ធនធាន​មច្ឆជាតិ​សម្បូរ​ឡើង​វិញ​ដូច​នៅ​តំបន់​ស្នេហ៍​ប៉ែក​ខាង​ជើង ឬ​នៅ​ប៉ែក​ខាង​លើ​នោះ ប្រជា​នេសាទ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ជលផល​ដោយ​អនុញ្ញាត​ឲ្យ​រក​ត្រី​លើ​ផ្ទៃ​ទឹក​មួយ​ភាគ​បី។ ទន្ទឹម​គ្នា​នេះ លោក​ថា​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​គ្នា​ឲ្យ​បាន​ជា​ធ្លុង​មួយ ដើម្បី​ទប់ស្កាត់​ប្រជា​នេសាទ​ណា​ដែល​មិន​គោរព​ច្បាប់។

ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​របស់​អាស៊ីសេរី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ព្រៃវែង លោក អូន ស៊ីណាត បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែ​មករា លោក​បាន​បញ្ជូន​កម្លាំង​ចុះ​ទៅ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​តំបន់​មាន​បញ្ហា​នោះ​ហើយ។ ទោះ​យ៉ាង​ណា លោក អូន ស៊ីណាត ហាក់​មិន​សប្បាយ​ចិត្ត​ចំពោះ​អ្នក​ដែល​រាយការណ៍​មក​អាស៊ីសេរី អំពី​បទល្មើស​នេសាទ និង​អ្នក​ដែល​បាន​ចោទ​ថា វិធានការ​របស់​អាជ្ញាធរ​ជលផល​ហាក់​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទៀត៖ «សំខាន់​ឲ្យ​តែ​ខាង​សហគមន៍​រាយការណ៍​ថា កន្លែង​ណា​មាន​បទល្មើស​នោះ យើង​ទៅ​ជួយ​ហើយ ព្រោះ​ថា​កម្លាំង​យើង​តិច យើង​មិន​អាច​ទៅ​ល្បាត​ដោយ​ខ្វះ​ព័ត៌មាន​បាន​ទេ។ ឥឡូវ​នេះ យើង​ធ្វើ​ការ​ហើយ កន្លង​មក​យើង​ក៏​បាន​ធ្វើ​ការ​ដែរ»

ប្រជាពលរដ្ឋ និង​បុគ្គលិក​អង្គការ Women ឲ្យ​ដឹង​ដែរ​ថា នៅ​តំបន់​បឹង​ស្នេហ៍​ប៉ែក​ខាង​ត្បូង​នោះ ក៏​មាន​ប្រជា​នេសាទ​មួយ​ចំនួន​បាន​ជីក​បៀ ឬ​ស្រះ​នៅ​បាត​បឹង​នៅ​រដូវ​ទឹក​រីង ដើម្បី​ប្រមូល​ពូជ​ត្រី​គ្រប់​ប្រភេទ។ ចំណែក​ពលរដ្ឋ​ដែល​មាន​ទ្រព្យ​ធន និង​មាន​អំណាច​មួយ​ចំនួន​ទៀត ក៏​បាន​លើក​ភ្លឺ​ទប់​បឹង​ម្ខាង ដើម្បី​បូម​ទឹក​ឲ្យ​រីង ហើយ​ពង្រោះ​ស្រូវ​ប្រាំង​ទៀត​ផង ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​កាន់​តែ​រួម​តូច​ទៅៗ។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា​៩៨ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុ​តាង​ទាំងអស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំងនោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុ​ពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ