យុវជន​ខ្មែរ​សញ្ជាតិ​បារាំង​និង​កាណាដា​ចូលរួម​រត់​ប្រណាំង​នៅ​តំបន់​អង្គរ

ចុះផ្សាយថ្អៃទី 2017-01-23 10:00:14 | ដោយ 71 views

p1

ជន​បរទេស​ចំនួន​ជាង ៥០០​នាក់​មក​ពី​ប្រទេស​ចំនួន​៣៧ ជុំវិញ​ពិភពលោក បាន​នាំ​គ្នា​រត់​កីឡា​អ៊ុលត្រា ត្រេល ម៉ារ៉ាតុង (Ultra Trail Marathon) នៅ​ជុំវិញ​បរិវេណ​តំបន់​អង្គរ​ខេត្ត​សៀមរាប ក្នុង​បំណង​បំផុស​សកម្មភាព​កីឡា​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ព្រម​ទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ថែម​ទៀត។

ព្រឹត្តិការណ៍​រត់​ប្រណាំង​ដែល​មាន​ចម្ងាយ ១២៨​គីឡូម៉ែត្រ ៦៤​គីឡូម៉ែត្រ ៣២​គីឡូម៉ែត្រ និង ១៦​គីឡូម៉ែត្រ​នោះ បាន​ធ្វើ​ឡើង​ចាប់​ពី​យប់​ថ្ងៃ​ទី​២០ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មករា។

យុវជន​ខ្មែរ​ដែល​ជា​វេជ្ជបណ្ឌិត និង​អ្នក​ជំនួញ​មាន​សញ្ជាតិ​បារាំង និង​កាណាដា ចំនួន ៤​រូប បាន​ណាត់​គ្នា​ចាកចេញ​ពី​ប្រទេស​ដែល​ពួក​គេ​រស់នៅ​រៀង​ខ្លួនៗ ហើយ​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​រត់​ប្រណាំង​កីឡា អ៊ុលត្រា ត្រេល អង្គរ (Ultra Trail Angkor) ក្នុង​បំណង​ចង់​ឃើញ​ទឹកដី​កំណើត​របស់​ឪពុក​ម្ដាយ​ផង និង​ចង់​បង្ហាញ​ក្តី​ស្រឡាញ់​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចេះ​រួបរួម​សាមគ្គី​គ្នា​ផង។

ក្រុម​យុវជន​ទាំង ៤​នាក់​នោះ ថ្វីត្បិតតែ​ពួក​គេ​ត្រូវ​ចូលរួម​រត់​ប្រណាំង​ចម្ងាយ ១៦​គីឡូម៉ែត្រ​ជាមួយ​នឹង​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត ១០០​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ពួក​គេ​មិន​ពាក់​អាវ​យឺត​ដែល​គណៈកម្មការ​រៀបចំ​បាន​ចែក​ឲ្យ​នោះ​ទេ គឺ​ពួក​គេ​បាន​ពាក់​អាវ​យឺត​ដែល​បោះពុម្ព​ដោយ​ខ្លួន​ឯង ហើយ​មាន​សរសេរ​អក្សរ​ខ្មែរ​ថា សាមគ្គី​កូន​ខ្មែរ។

វេជ្ជបណ្ឌិត​ផ្នែក​ទន្តសាស្ត្រ​មក​ពី​ប្រទេស​បារាំង ម្នាក់​ក្នុង​ចំណោម​កូន​ខ្មែរ​ដែល​ចូលរួម​រត់​ប្រណាំង​ចេញ​ដំណើរ​ពី​មុខ​ប្រាសាទ​ប្រែរូប ឆ្ពោះ​ទៅ​កាន់​លាន​ជល់ដំរី នៃ​ប្រាសាទ​អង្គរធំ គឺ​កញ្ញា មឿង សូដាវី។ នាង​មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​នាង​កើត​នៅ​ប្រទេស​បារាំង ហើយ​មាន​សញ្ជាតិ​បារាំង ក៏ប៉ុន្តែ​នាង​ដឹង​ថា រូប​នាង​គឺ​ជា​កូន​ខ្មែរ នៅ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ខ្លះៗ។

សូដាវី បញ្ជាក់​ថា មូលហេតុ​ដែល​នាង​សុខ​ចិត្ត​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ហើយ​ចូលរួម​រត់​ប្រណាំង​កីឡា អ៊ុលត្រា ត្រេល អង្គរ (Ultra Trail Angkor) ពេល​នេះ ដោយសារ​តែ​នាង​ស្រឡាញ់​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ហើយ​ចង់​បង្ហាញ​បេះដូង​របស់​នាង​តាម​រយៈ​ការ​រត់​ប្រណាំង​នេះ គឺ​សូម​ឲ្យ​ខ្មែរ​គ្រប់​រូប​ចេះ​ស្រឡាញ់ និង​សាមគ្គី​គ្នា កុំ​ឲ្យ​បែកបាក់ ជា​ហេតុ​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​ខ្មែរ​ចុះ​ខ្សោយ៖ «សូម​ទោស ខ្ញុំ​និយាយ​ខ្មែរ​បាន​តិច ពីព្រោះ​ខ្ញុំ​កើត​នៅ​ស្រុក​បារាំង។ ខ្ញុំ​មក​ចូលរួម​រត់​ប្រណាំង គឺ​ឲ្យ​គេ​ឃើញ​ថា​ខំ​ស្កាត់​មក​ពី​ឆ្ងាយ ហើយ​ចង់​ប្រាប់​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប​ចេះ​ស្រឡាញ់ និង​សាមគ្គី​គ្នា កុំ​បែកបាក់​គ្នា ពីព្រោះ​ខ្មែរ​ឥឡូវ​នេះ​កំពុង​តែ​ពិបាក»

ក្រុម​យុវជន​ដែល​មក​ពី​ប្រទេស​កាណាដា និង​បារាំង ទាំងនោះ​បង្ហាញ​អារម្មណ៍​ថា ថ្វីត្បិតតែ​ពួក​គេ​ចេះ​និយាយ​ភាសា​ខ្មែរ​តិចតួច​ក្ដី ក៏​គេ​នៅ​តែ​ស្រឡាញ់​ទឹកដី​កម្ពុជា និង​ប្រាសាទ​អង្គរវត្ត ដែល​ជា​ទឹកដី​នៃ​ឪពុក​ម្ដាយ​របស់​ពួក​គេ។

ក្រុម​យុវជន​ខ្មែរ​មក​ពី​ប្រទេស​បារាំង និង​ប្រទេស​កាណាដា ជួយ​គ្រាហ៍​កីឡាករ​បរទេស​ដែល​រត់​ប្រណាំង​កីឡា អ៊ុលត្រា ត្រេល អង្គរ (Ultra Trail Angkor) នៅ​ខេត្ត​សៀមរាប ហើយ​មាន​បញ្ហា​ហត់​ខ្លាំង​នៅ​ពេល​មក​ដល់​ជិត​ទី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

យុវជន​មក​ពី​ប្រទេស​កាណាដា ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ជំនួញ លោក ចិត្រា មាន​ប្រសាសន៍​ថា លោក​ធ្លាប់​មក​ឃើញ​ទឹកដី​កម្ពុជា ម្ដង​កាល​ពី​ជាង ១០​ខែ​មុន ហើយ​ពេល​នេះ​ជា​លើក​ទី​១ ដែល​លោក​បាន​មក​ចូលរួម​រត់​ប្រណាំង​នៅ​ទឹកដី​អង្គរ​របស់​ខេត្ត​សៀមរាប។ ចិត្រា មាន​ប្រសាសន៍​ទៀត​ថា គោល​បំណង​ដែល​គាត់​មក​រត់​ប្រណាំង​នៅ​ខេត្ត​សៀមរាប ពីព្រោះ​តែ​ចង់​ឃើញ​ប្រាសាទ​អង្គរ ចង់​មក​ឃើញ​ខ្មែរ​គ្រប់​រូប​ជួបជុំ​គ្នា​ដោយ​សប្បាយ​រីករាយ និង​ចេះ​ស្រឡាញ់​គ្នា។ លោក​នៅ​តែ​ស្រឡាញ់​ទឹកដី​កម្ពុជា ពីព្រោះ​វា​ជា​ប្រទេស​ដែល​ផ្ដល់​កំណើត​ឲ្យ​ឪពុក​ម្ដាយ​របស់​លោក៖ «មក​រត់​នៅ​សៀមរាប ឲ្យ​សប្បាយ​ចិត្ត ឲ្យ​ស្គាល់​ប្រទេស​របស់​ម៉ែ​ឪ​យើង​ដែរ ហើយ​ឲ្យ​ស្គាល់​អង្គរវត្ត ពីព្រោះ​សុទ្ធតែ​អ្នក​មក​ពី​ស្រុក​បារាំង ជួប​គ្នា​សប្បាយ​ចិត្ត ស្រឡាញ់​គ្នា​ទាំងអស់»

យុវតី​ម្នាក់​ក្នុង​ចំណោម​នោះ នៅ​ពេល​ដែល​និយាយ​ពី​ឈ្មោះ​កម្ពុជា គឺ​នាង​បាន​ស្រក់​ទឹក​ភ្នែក ហើយ​ក្នុង​ចិត្ត​ក្ដុកក្ដួល។ កញ្ញា វិចិត្រ ដែល​ជា​វេជ្ជបណ្ឌិត​មក​ពី​ប្រទេស​បារាំង ប៉ុន្តែ​នាង​សូម​និយាយ​ភាសា​អង់គ្លេស ពីព្រោះ​តែ​នាង​នៅ​ចេះ​ចាំ​ភាសា​ខ្មែរ​បាន​តិចតួច​ពេក។ នាង​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា គឺ​ពិត​ជា​កន្លែង​ដ៏​ស្រស់​ស្អាត ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​ញញឹម​ដ៏​រាក់ទាក់។

នាង​ទប់​ចិត្ដ​មិន​បាន ហើយ​ស្រក់​ទឹក​ភ្នែក​ដោយ​និយាយ​ទាំង​ក្ដុកក្ដួល​ថា មាន​ខ្មែរ​ជាច្រើន​ដែល​ទៅ​រស់នៅ​ប្រទេស​ផ្សេងៗ ប្រហែល​ជា​គេ​បំភ្លេច​ប្រទេស​កម្ពុជា ទៅ​ហើយ ប៉ុន្តែ​រូប​នាង​មិន​ដែល​ភ្លេច​ប្រទេស​ដែល​ជា​ដើម​កំណើត​របស់​នាង​មួយ​នេះ​ទេ៖ «ខ្ញុំ​គិត​ថា​នៅ​ពេល​ដែល​ខ្ញុំ​ចាកចេញ​ទៅ​វិញ គឺ​ខ្ញុំ​នឹក​អ្វីៗ​ទាំងអស់​នៅ​កម្ពុជា ហើយ​ខ្ញុំ​នឹង​ប៉ង​ប្រាថ្នា​វិល​មក​ម្ដង​ទៀត។ គោល​បំណង​របស់​ខ្ញុំ​ដែល​មក​ទីនេះ គឺ​ចង់​ឃើញ​អង្គរវត្ត​ដ៏​ស្រស់​ស្អាត និង​វប្បធម៌​ខ្មែរ​ដ៏​ផូរផង់ ជាពិសេស​គោល​គំនិត​របស់​ខ្ញុំ គឺ​ចង់​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​ខ្មែរ​គ្រប់​រូប ព្រម​ទាំង​ចង់​ចែក​រំលែក​បទពិសោធន៍​ឲ្យ​គ្រប់​គ្នា​បាន​រឹងមាំ​ឡើង កុំ​ឲ្យ​បែង​ចែក​គ្នា​ទៅ​តាម​បក្សពួក​និយម»

ទោះ​បី​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​អគ្គលេខាធិការ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​រត់​ប្រណាំង​កីឡា អ៊ុលត្រា ត្រេល អង្គរ លើក​ទី​២ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២២ ខែ​មករា។

គេហទំព័រ​ក្នុង​ស្រុក​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​អញ្ជើញ​ទៅ​បិទ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នោះ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ មករា រំពឹង​ថា ឆ្នាំ​ក្រោយ​នឹង​មាន​កីឡាករ​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​នឹង​កើន​ដល់ ១.០០០​នាក់ ដោយសារ​តែ​សក្ដានុពល​តំបន់​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរ​តែ​ម្តង។ លោក ថោង ខុន យល់​ថា ព្រឹត្តិការណ៍​រត់​ប្រណាំង អ៊ុលត្រា ត្រេល អង្គរ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ផ្នែក​កីឡា និង​សុខភាព​ប៉ុណ្ណោះ​ទេ គឺ​វា​ក៏​នឹង​ផ្តល់​ផល​ចំណេញ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​ជា​ការ​ស្វែងរក​មូលនិធិ​មួយ​ចំនួន​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ