FFC ប្រគល់សិទ្ធិឲ្យ CNCC ជាអ្នករៀបចំការប្រកួតលីកកំពូល និងពានហ៊ុនសែន

ចុះផ្សាយថ្អៃទី 2017-01-23 09:00:14 | ដោយ 38 views

p1

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC ) បានផ្តល់សិទ្ធិឲ្យគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC ជាអ្នកគ្រប់គ្រង និងរៀបចំការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុនសែន ចាប់ពីឆ្នាំ២០១៧នេះទៅ គឺបន្ទាប់ពី CNCC ត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្រោយពីបានប្រជុំសម្រេច កាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងមកនេះ។

បើតាមខ្លឹមសារ ដែលត្រូវបានប្រកាសក្នុងសន្និសីទកាសែត នៅសណ្ឋាគារសុខាភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យនោះ បានឲ្យដឹងថា CNCC មានរចនាសម្ព័ន្ធស្វយ័តដោយខ្លួនឯង ដោយមានសិទ្ធិត្រួតពិនិត្យ និងរៀបចំការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុនសែន ដើម្បីជំរុញធ្វើឲ្យការប្រកួតទាំង២ព្រឹត្តិការណ៍នេះ កាន់តែមានគុណភាព និងរីកចម្រើនថែមទៀត។

លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់ CNCC បាននិយាយថា៖«សហព័ន្ធ បានបង្កើតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានេះឡើយ គឺដើម្បីពង្រឹងផ្នែកការប្រកួតរបស់យើងឲ្យកាន់តែមានគុណភាព ហើយនៅប្រទេសជឿនលឿន ក៏គេធ្វើបែបនេះដែរ»។

យ៉ាងណាក៏ដោយ លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា៖«« CNCC នៅដាច់ដោយឡែក គ្រប់គ្រងដោយឡែក ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើល និងអធិការកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។ បន្ថែមលើនេះ CNCC គ្មានសិទ្ធិលូកដៃ ឬដោះស្រាយវិវាទផ្សេងៗ ដែលកើតមានឡើង ក្នុងពេលប្រកួត ឬក្រោយពេលប្រកួតនោះទេ។ នៅត្រង់នេះ លោក យាន ឈៀង ប្រធានការិយាល័យប្រកួត របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ថា៖«ខាង CNCC អត់មានសិទ្ធិលូកដៃក្នុងបញ្ហាទាំងនេះទេ ព្រោះវិវាទផ្សេងៗទាក់ទងនឹងការប្រកួត ការដោះដូរកីឡាករអ៊ីហ្នឹង គឺសហព័ន្ធ មានក្រុមគណៈកម្មការឯករាជ្យមួយ សម្រាប់ធ្វើការលើបញ្ហាទាំងនេះ»។

គួរបញ្ជាក់ថា លោក ឌី វិជ្ជា ត្រូវបានតែងតាំងជាប្រធានគណៈកម្មការនាយក CNCC ដែលមានលោក ឆាំង ពិសិដ្ឋ ជាលេខាប្រតិបត្តិ និងមានប្រធាន និងអគ្គលេខាធិការរបស់ក្លិបនីមួយៗជាសមាជិកគណៈកម្មការនាយក៕

The post FFC ប្រគល់សិទ្ធិឲ្យ CNCC ជាអ្នករៀបចំការប្រកួតលីកកំពូល និងពានហ៊ុនសែន appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ