ពលរដ្ឋ​២​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង​ស្នើ​ជួយ​សង្គ្រោះ​កូន​ស្រី​នៅ​ចិន​និង​ម៉ាឡេស៊ី

ចុះផ្សាយថ្អៃទី 2017-01-23 08:30:10 | ដោយ 46 views

p1

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​សង្គ្រោះ​កូន​ស្រី​របស់​ខ្លួន ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ត្រូវ​បុរស​ជនជាតិ​ចិន បង្ខំ​ឲ្យ​បម្រើ​សេវា​ផ្លូវ​ភេទ បង្គាប់​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ និង​បំបិទ​សិទ្ធិ​សេរីភាព ជាដើម។ ការ​អំពាវនាវ​នេះ ក្រោយ​ពី​ជន​រងគ្រោះ​បាន​ផ្តល់​ដំណឹង​តាម​រយៈ​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ។

ជនជាតិ​ដើម​ភាគតិច កំពុង​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​កូន​ស្រី​ដែល​បាន​ចាកចេញ​ពី​ស្រុក​កំណើត ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន ជាង​កន្លះ​ឆ្នាំ​មក​ហើយ។ ពួក​គាត់​សង្ស័យ​ថា ករណី​នេះ​ជា​ការ​ចាញ់​បោក​មេ​ខ្យល់​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន។

បុរស​ជា​ឪពុក​ស្ត្រី​រងគ្រោះ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ គឺ​លោក អ៊ុក ជា រៀបរាប់​នៅ​ថ្ងៃ​ទី​២២ មករា ថា កូន​ស្រី​របស់​លោក​ឈ្មោះ ប្រុញ ម៉ុម អាយុ ២៧​ឆ្នាំ ត្រូវ​បាន​មេ​ខ្យល់​លួងលោម​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ចិន កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ ដោយ​សន្យា​ថា ផ្តល់​ការងារ​ល្អ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់ តែ​ផ្ទុយ​ទៅ​វិញ កូន​ស្រី​លោក​ត្រូវ​គេ​បង្គាប់​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន បង្ខំ​ឲ្យ​បម្រើ​សេវា​ផ្លូវ​ភេទ ធ្វើ​ការងារ​ធ្ងន់ បំបិទ​សិទ្ធិ​សេរីភាព និង​អាហារ​ហូប​ចុក​មិន​គ្រប់គ្រាន់។

លោក​កត់​សម្គាល់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា មាន​បុរស​ម្នាក់​ដោយ​លោក​មិន​ស្គាល់​អត្តសញ្ញាណ ទូរស័ព្ទ​មក​លោក ដោយ​បង្គាប់​ឲ្យ​លោក​ផ្ញើ​ប្រាក់​ឲ្យ​គេ ៣​លាន​រៀល ដោយ​អះអាង​ថា ជា​ថ្លៃ​សេវា​ធ្វើ​ដំណើរ​ឲ្យ​កូន​ស្រី​របស់​លោក​វិល​ត្រឡប់​ទៅ​ស្រុក​វិញ៖ «គ្រាន់​តែ​ខល​មក​ប្រាប់​ថា ពុក​អើយ​ឲ្យ​អង្គការ និង​រាជ​រដ្ឋាភិបាល​ជួយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​គេ​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​ចាញ់​បោក​គេ។ គេ​ឲ្យ​យក​ប្ដី ហើយ​ប្ដី​ធ្វើ​បាប​សម្បើម​ដៃ​ណាស់ គឺ​រឿង​ផ្លូវ​ភេទ​ផង និង​ធ្វើ​ការងារ​ធ្ងន់»

លោក អ៊ុក ជា បន្ថែម​ថា លោក​បាន​ដាក់​ញត្តិ​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​ការ​បរទេស​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជាង​មួយ​ខែ​មក​ហើយ នៅ​តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ។

មេ​ឃុំ​សំអាង លោក ញៀន ផុន ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ទេ។ លោក​លើក​ទឹក​ចិត្ត​ឲ្យ​គ្រួសារ​ជន​រងគ្រោះ ប្ដឹង​មក​អាជ្ញាធរ ដើម្បី​ឲ្យ​លោក​រាយការណ៍​ទៅ​ថ្នាក់​ស្រុក និង​ខែត្រ រក​វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ កម្មការិនី ៧​នាក់​រស់នៅ​ឃុំ​សំអាង បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ​មាន ៦​នាក់​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ នៅ​សល់​តែ​ស្ត្រី​បាន​បាត់​ដំណឹង ៦​ឆ្នាំ​ហើយ៖ «៦ ទៅ ៧​នាក់​ដែរ តែ​បាន​មក​វិញ​អស់​ហើយ នៅ​សល់​តែ ជិន អាន់ មួយ​ទេ តែ​ស្រី​ម៉ុម មិន​ដឹង​រឿង​ទេ»

ដោយឡែក​អ្នក​ភូមិ​ជា​ជនជាតិ​ដើម​ភាគតិច​កួយ លោក អ៊ុក ម៉ៅ កត់​សម្គាល់​ថា អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ក្រីក្រ​នោះ​ទេ ទាក់ទិន​បាត់​កូន​ស្រី ពោល​គឺ​ពាក្យ​បណ្ដឹង​របស់​គ្រួសារ​ស្ត្រី​រងគ្រោះ ត្រូវ​កប់​ចោល។

លោក​កត់​សម្គាល់​ថា ជាក់ស្តែង​កម្មការិនី​ម្នាក់​ឈ្មោះ ជិន អាន់ បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ៦​ឆ្នាំ​ហើយ បាត់​ដំណឹង​ឈឹង​មិន​ដឹង​ថា​ស្លាប់ ឬ​រស់​ទេ ហើយ​ក្រុម​គ្រួសារ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ច្រើន​លើក ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​មក​សួរនាំ​នោះ​ទេ៖ «មេ​ឃុំ​អី​មិន​ដែល​ថា​ដោះស្រាយ​ដើម្បី​ជួយ​អំពាវនាវ​ឲ្យ​រក​មនុស្ស​អី​ទេ។ និយាយ​មួយ​ម៉ាត់​គេ​មិន​សូវ​ឈឺ​ឆ្អាល​តែ​ម្តង។ ជីវភាព​គាត់​ខ្វះខាត​ណាស់ ប៉ះ​ពេល​ណា​អត់​អី​ហូប​ដែរ​ហ្នឹង យើង​មិន​មែន​ថា​លុយ​ទិញ​ម្ហូប​ទេ សូម្បី​តែ​បាយ​ក៏​ខ្វះខាត​ដែរ»

សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០១៥ រហូត​ដល់​បច្ចុប្បន្ន សមាគម​ទទួល​ពាក្យ​បណ្ដឹង​ពលរដ្ឋ​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ចំនួន ៩​ករណី ក្នុង​នោះ​ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ចំនួន ៣​ករណី ស្រុក​សៀមប៉ាង ៥​ករណី និង​ស្រុក​សៀមបូក ១​ករណី។ ក្នុង​ចំណោម ៩​ករណី មាន ៣​ករណី​ដែល​កម្មការិនី​ពុំ​ទាន់​វិល​មក​ស្រុក​កំណើត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​បញ្ជាក់​ថា សមាគម​អាដហុក​ខែត្រ​ស្ទឹងត្រែង បាន​ទទួល​ពាក្យ​បណ្ដឹង​ករណី​នេះ​ដែរ និង​បាន​រាយការណ៍​ទៅ​អាដហុក​ស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​អន្តរាគមន៍​បន្ត​ទៀត ដោយសារ​ករណី​នេះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​បរទេស។ លោក​ថា មូលហេតុ​ដែល​ស្ត្រី​ខ្មែរ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយសារ​ជីវភាព​ខ្វះខាត ខ្វះ​ចំណេះ​ដឹង ជំពាក់​បំណុល​គេ និង​ទីផ្សារ​ការងារ​ក្នុង​ស្រុក​តូច​ចង្អៀត។

លោក​កត់​សម្គាល់​ថា កម្មការិនី​ដែល​វិល​មក​ស្រុក​កំណើត​បាន គឺ​ភាគច្រើន​ពួក​គេ​ព្យាយាម​តស៊ូ​មក​ស្រុក​ដោយ​ខ្លួន​ឯង ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី​ក្រុម​គ្រួសារ៖ «ខាង​ទូត​នៅ​ម៉ាឡេស៊ី ហ្នឹង គេ​ក៏​បាន​សហការ​ជាមួយ​សមាគម​អាដហុក​យើង​ដែរ។ ឧទាហរណ៍​ថា ឲ្យ​តែ​ដឹង​ថា​នារី​នៅ​ម៉ាឡេ​មាន​បញ្ហា គេ​ចង់​ឲ្យ​នារី​ហ្នឹង​មក​ដល់​ស្ថានទូត​គេ បាន​គេ​ជួយ​មក​តែ​ម្តង ប៉ុន្តែ​ប្រសិន​ជា​ស្ថានទូត​ទាក់ទង​ទៅ​នារី​រស់នៅ​វា​លំបាក»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ដើម្បី​កាត់​បន្ថយ​ពលរដ្ឋ​ចំណាក​ស្រុក រដ្ឋាភិបាល​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ​ដូចជា រក្សា​តុល្យភាព​តម្លៃ​ស្រូវ ឬ​អង្ក និង​បន្លែ ផ្លែ​ឈើ ផ្តល់​ការងារ​ក្នុង​ស្រុក​មាន​ប្រាក់ខែ​សមរម្យ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ