រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងរៀបចំឡើងវិញនូវប្រព័ន្ធផលិតនិងចែកចាយអគ្គិសនី

ចុះផ្សាយថ្អៃទី 2017-01-23 07:00:10 | ដោយ 45 views

p1

នៅឆ្នាំ២០១៨ រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងរៀបចំឡើងវិញនូវប្រព័ន្ធផលិត និងចែកចាយអគ្គិសនីដោយឈរលើគោលការណ៍ទាំង៤ដូចតទៅ ៖ ទី១- បញ្ចុះថ្លៃអគ្គិសនី ទី២-បំបាត់អំពើពុករលួយ ទី៣- ការពារបរិស្ថាន និងទី៤- ជំរុញការអភិវឌ្ឍប្រទេសយ៉ាងពិតប្រាកដ។ នេះជាការបញ្ជាក់របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។

លោក សម រង្ស៊ី បានពន្យល់ថា ទី១- បញ្ចុះថ្លៃអគ្គិសនី គឺតម្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស មិនត្រូវលើសពី៥០០ រៀលក្នុង១គីឡូវ៉ាត់ទេ។ តម្លៃសព្វថ្ងៃ ចាប់ពី ៧០០រៀលឡើងទៅ ក្នុងមួយគីឡូវ៉ាត់ គឺថ្លៃជាងនៅប្រទេសជិតខាងទាំងអស់។ មូលហេតុចម្បង នៃតម្លៃខ្ពស់ហួសហេតុនេះបណ្តាលមកពីអំពើពុករលួយ ក្នុងការចែកចាយអគ្គិសនី ទៅដល់អ្នកប្រើប្រាស់តាមផ្ទះនីមួយៗ ជាពិសេសនៅជនបទ។ ទី២- បំបាត់អំពើពុករលួយ ក្នុងវិស័យអគ្គិសនីសព្វថ្ងៃនេះ មានការឃុបឃិតគ្នាច្រើនណាស់រវាងមន្ត្រីអគ្គិសនីកម្ពុជា (EDC) និងក្រុមហ៊ុនឯកជនជាច្រើនទូទាំងប្រទេស ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការចែកចាយអគ្គិសនី និងតភ្លើងឲ្យអ្នកប្រើប្រាស់តាមតំបន់នីមួយៗ។ សព្វថ្ងៃនេះកិច្ចសន្យាលក់បន្តអគ្គិសនី រវាងអគ្គិសនីកម្ពុជា (EDC) និងក្រុមហ៊ុនឯកជន មិនមានសៀវភៅបន្ទុកត្រឹមត្រូវទេ ហើយក៏មិនមានតម្លាភាពទាល់តែសោះ ដែលជាហេតុធ្វើឲ្យមានការកេងប្រវ័ញ្ចលើអ្នកប្រើប្រាស់។ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ជាបណ្តាញចែកចាយអគ្គិសនី ពីទីកន្លែងផលិតរហូតទៅដល់ផ្ទះប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ យើងក៏នឹងធានាឲ្យមានតម្លាភាព និងយុត្តិធម៌ ក្នុងការកំណត់តម្លៃអគ្គិសនី ដែលលក់ឲ្យអតិថិជនគ្រប់ទីកន្លែង។ យើងនឹងប្រមូលប្រាក់បានមកពីការបំបាត់អំពើពុករលួយ យកទៅកសាងប្រទេសជួយអ្នកក្រីក្រ និងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងបុគ្គលិករបស់រដ្ឋ។

ចំណុចទី៣- ការពារបរិស្ថាន រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនី ដែលធ្វើឲ្យខូចខាតដល់បរិស្ថាន និងប្រព័ន្ធជីវៈចម្រុះ ព្រមទាំងទ្រព្យសម្បត្តិ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ពាក់ព័ន្ធ។ យើងនឹងជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីផលិត និងចែកចាយអគ្គិសនី ដែលទាញយកពីពន្លឺព្រះអាទិត្យ (solar energy) ក្នុងគោលដៅដំឡើងចំណែកនៃថាមពលពីព្រះអាទិត្យនេះដល់ទៅ២០ ភាគរយនៃអគ្គិសនីទាំងអស់ ដែលប្រើប្រាស់ទូទាំងប្រទេស នៅឆ្នាំ ២០២០ និងទី៤- ជំរុញការអភិវឌ្ឍប្រទេសយ៉ាងពិតប្រាកដ សហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា រងគ្រោះដោយសារតម្លៃអគ្គិសនីខ្ពស់ពេកធ្វើឲ្យពិបាកប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ជាពិសេសអ្នកវិនិយោគជាច្រើនទាំងខ្មែរ ទាំងបរទេសស្ទាក់ស្ទើរមិនហ៊ានបណ្តាក់ទុននៅប្រទេសកម្ពុជា ដោយសារតែតម្លៃអគ្គិសនីនៅស្រុកយើងថ្លៃជាងនៅប្រទេសដទៃទៀតឆ្ងាយណាស់។ អគ្គិសនីនេះជាសោហ៊ុយមួយដ៏សំខាន់សម្រាប់រោងចក្រ និងសហគ្រាសផ្សេងៗ។ ដូច្នេះអំពើពុករលួយ ដែលធ្វើឲ្យអគ្គិសនីថ្លៃហួសហេតុនៅប្រទេសកម្ពុជា ជាឧបសគ្គមួយដ៏ធំ ដែលយើងត្រូវតែលុបបំបាត់ ក្នុងបំណងធ្វើឲ្យប្រទេសកម្ពុជា ឈានទៅរកការអភិវឌ្ឍយ៉ាងពិតប្រាកដនិងយូរអង្វែង ដើម្បីបង្កើតការងារថ្មីឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនដែលកំពុងតែរកការងារធ្វើមិនបាន៕

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ