លោក យឹម សុវណ្ណ បញ្ជាក់ថា លោក ជា វិជ្ជា បានលាចាកលោកនេះតែលោកបានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចក្លាហានដល់កូនខ្មែរជំនាន់ក្រោយ

ចុះផ្សាយថ្អៃទី 2017-01-23 07:00:09 | ដោយ 58 views

p1

តំណាងរាស្រ្តនិងជាមន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ ថ្មីៗនេះបានបញ្ជាក់ថា តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា បានលាចាកលោកនេះ ហើយបានបន្សល់ទុកនូវគំរូវីរភាពដ៏អង់អាចក្លាហានដល់កូនខ្មែរជំនាន់ក្រោយ។ ខ្ញុំសូមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ហើយចងចាំជានិច្ចនូវវីរភាពរបស់លោក ដែលបានការពារផលប្រយោជន៍និងការគោរពសិទ្ធិកម្មករ។

លោក យឹម សុវណ្ណ ឃាតកម្មលើលោក ជា វិជ្ជា បានកន្លងផុត១៣ឆ្នាំហើយ រីឯឃាតកពិតប្រាកដនិងអ្នកនៅពីក្រោយខ្នង ក៏បានគេចផុតពីសំណាញ់ច្បាប់១៣ឆ្នាំផងដែរ។ យុត្តិធម៌នៅតែមិនទាន់បានផ្តល់ជូនដល់គ្រួសាររបស់លោក ជា វិជ្ជា ដែលបាននិងកំពុងរង់ចាំនិងទាមទារយុត្តិធម៌១៣ឆ្នាំមកហើយ។ តើនរណាសម្លាប់ ជា វិជ្ជា? តើនរណានៅពីក្រោយខ្នងនៃការសម្លាប់លោក ជា វិជ្ជា? នេះជាសំណួរដែលប្រជាពលរដ្ឋខ្មែរស្រឡាញ់យុត្តិធម៌ គ្រប់មជ្ឍដ្ឋានទាំងនៅក្នុងនិងក្រៅប្រទេសចោទសួរ ដោយគ្មានចម្លើយ១៣ឆ្នាំមកហើយ ។

សំណួរដូចខាងលើនេះ ក៏ជាសំណួរដែលពួកគាត់បានចោទសួរ និងទាមទាររកចម្លើយចំពោះឃាតកម្មលើព្រះសង្ឃ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត តារាភាពយន្ត តារាចម្រៀង ជាពិសេសឃាតកម្មលើសកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី និងអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងនយោបាយ និងជាអ្នកវិភាគឯករាជ្យលោកបណ្ឌិត កែម ឡី នាពេលកន្លងមក។

ជុំវិញបញ្ហខាងលើនេះ លោក យឹម សុវណ្ណ បានបញ្ជាក់ថា ឃាតកពិតប្រាកដនិងអ្នកនៅពីក្រោយខ្នងនៃការសម្លាប់លោក ជា វិជ្ជា លោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី និងអ្នកផ្សេងទៀត អាចត្រូវវែកមុខ អាស្រ័យដោយឆន្ទៈពិតប្រាកដ និងឯករាជ្យភាពនៃអាជ្ញាធរមានសមត្ថកិច្ច។ ដរាបណាតុលាការមិនឯករាជ្យ ហើយស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ និងបុគ្គលមានអំណាច យុត្តិធម៌នៅតែមិនអាចផ្តល់ជូនជនរងគ្រោះឡើយ។ តុលាការមិនអាចឯករាជ្យឡើយដរាបណាមន្រ្តីតុលាការមិនឯករាជ្យ ហើយជាមន្រ្តីរបស់បក្សនយោបាយ។ លោក យឹម សុវណ្ណ បានសង្កត់ធ្ងន់ថា យើងនឹងអាចរកយុត្តធម៌ជូនលោក ជា វិជ្ជា លោក ឈុត វុទ្ធី លោកបណ្ឌិត កែម ឡី និងជនរងគ្រោះផ្សេងទៀតនៅថ្ងៃណាមួយខាងមុខ៕

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ